បណ្ដាលមេដឹកនាំរបស់ប្រទេសចិន ដែលបានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវការផលិត កំពុងផ្ដល់ឥណទានថវិកាឆ្ពោះទៅរកក្រុមហ៊ុនផលិតផលិតផលបច្ចេកវិទ្យាខ្ពស់ រាប់ចាប់ពីឧបករណ៍បច្ចេកវិទ្យាពាក់កណ្ដាលចម្លង រហូតដល់រថយន្តអគ្គិសនីជាដើម ដោយបង្កើនការភ័យខ្លាចថា បរិមាណលើសចំណុះនេះនឹងជំរុញរលកថ្មីនៃការនាំចេញថោក។
ទិន្នន័យការផ្តល់ឥណទានពីធនាគារកណ្តាលរបស់ប្រទេសចិន ផ្តល់នូវការមើលឃើញពីអាទិភាពរបស់រដ្ឋាភិបាល ដោយគិតត្រឹមចុងខែកញ្ញា ឥណទានដែលមិនទាន់សងចំពោះវិស័យអចលនទ្រព្យដែលកំពុងមានបញ្ហា បានធ្លាក់ចុះចំនួន ០,២% បើធៀបនឹងឆ្នាំមុន ប៉ុន្តែការផ្តល់ឥណទានដល់វិស័យផលិតកម្មបានកើនឡើងរហូតដល់ទៅ ៣៨,២% ។
ក្រុមសេដ្ឋវិទូបានព្រមានថា រលក នៃការវិនិយោគនេះមានភាពខុសប្លែកគ្នានៅក្នុងគោលកាណ៍សំខាន់ៗចាប់ពីកំណើននៃការវិនិយោគមូលធន ដែលស្ថិតក្នុងចំណោមផលប៉ះពាល់ផ្សេងៗទៀត បានបំប៉ោងតម្លៃឧស្សាហកម្មបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យរបស់ប្រទេសចិន និងបង្កឱ្យមានជម្លោះពាណិជ្ជកម្ម ព្រមទាំងធ្វើឱ្យក្រុមហ៊ុនជាច្រើនក្ស័យធន។
ប៉ុន្តែទំនោរនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួន ជាពិសេសនៅអឺរ៉ុប ដែលកំពុងដំណើរការលើការស៊ើបអង្កេតនៃការឧបត្ថម្ភធនរថយន្តអគ្គិសនី របស់ចិន។
គោលនយោបាយឧស្សាហកម្មរបស់ប្រទេសចិន នឹងស្ថិតក្នុងរបៀបវារៈនៅក្នុងកិច្ចប្រជុំសប្តាហ៍នេះនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក ជាទីដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)៕