ថៃបានបង្កើនផែនការនាំចេញអង្ករឲ្យបាន ៨,៥លានតោនក្នុងឆ្នាំ២០២៣ ដោយសារវៀតណាមដែលដៃគូប្រកួតប្រជែង កំពុងនាំចេញអង្ករក្នុងតម្លៃខ្ពស់ជាង។
ថៃបានប្តេជ្ញាបង្កើនការនាំចេញអង្កររបស់ខ្លួនសម្រាប់ឆ្នាំនេះឲ្យដល់៨,៥ លានតោន។ លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបាននិយាយបែបនេះនៅថ្ងៃ១៥ ខែវិច្ឆិកា ខណៈដែលតម្លៃអង្ករពីដៃគូប្រកួតប្រជែងដូចជាវៀតណាមកំពុងកើនឡើង។
លោក Chookiat Ophaswongse ប្រាប់ Reutersថា អង្ករវៀតណាមមានតម្លៃថ្លៃ ដូច្នេះហ្វីលីពីន និងឥណ្ឌូណេស៊ីកំពុងបង្កើនការបញ្ជាទិញអង្ករពីថៃ។
អង្ករថៃលក់បានក្នុងតម្លៃចន្លោះ៥៥០ទៅ៥៥៥ ដុល្លារក្នុងមួយតោន ខណៈអង្ករវៀតណាមលក់បានប្រហែល ៦៣០ដុល្លារក្នុងមួយតោន។ ថៃជាប្រទេសនាំចេញអង្ករធំទី២ របស់ពិភពលោកបន្ទាប់ពីឥណ្ឌា។ រដ្ឋាភិបាលថៃធ្លាប់បានព្យាករថា ការនាំចេញអង្កររបស់ខ្លួននៅឆ្នាំនេះមានប្រមាណ៨ លានតោនប៉ុណ្ណោះ។
លោក Chookiwat បានលើកឡើងថា ផលិតកម្មស្រូវរបស់ថៃនៅឆ្នាំនេះ រងផលប៉ះពាល់តិចតួចពីបាតុភូតអាកាសធាតុ El Nino ដោយរំពឹងទទួលបានទិន្នផលចន្លោះពី៣៣ទៅ៣៤លានតោន ដែលកើនឡើង ២លានតោនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រយៈពេល៩ខែឆ្នាំនេះ ថៃលក់អង្ករបានចំនួន ៦,០៨លានតោន ដែលកើន១២ភាគរយបើធៀបគ្រាដូចគ្នាឆ្នាំមុន។
យ៉ាងណាមិញ លោក Chookiwat ការនាំចេញអង្កររបស់ថៃនៅឆ្នាំក្រោយនឹងធ្លាក់ចុះមកនៅត្រឹម៧,៥លានតោន ដោយសារឥណ្ឌាបានបន្ធូរបន្ថយបម្រាមនាំចេញអង្ករមកវិញ៕