ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា «បន្ថែមពីលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃទី១៦ ខែវិច្ជិកានេះ កម្ពុជាបាននិងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិចំនួន ២ទៀត គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងតារាសាគរ និងលើកកម្រិតស្តង់ដាអាកាសយានដ្ឋានអន្តរជាតិចំនួន១ គឺអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ជាមួយគ្នានេះ យើងក៏មានគម្រោងអភិវឌ្ឍអាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងអាកាសយានដ្ឋានកោះរុង ក៏ស្ថិតនៅក្នុងរបៀបវារៈផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍»។នេះជាការថ្លែងរបស់ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនាព្រឹកថ្ងៃទី១៦ ខែវិច្ជិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា «យើងក៏បានធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ និងបញ្ហាចរាចរណ៍ដែនអាកាសដោយធ្វើការផ្លាស់ប្តូរពីប្រព័ន្ធ AIS (ធម្មតា)ទៅ AIM (ឌីជីថល) ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀតក្នុងវិស័យអាកាសចរណ៍ស៊ីវិល នៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបង្ហាញសង្ឃឹមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាតារារះនាទិសឧត្តរនេះនឹងក្លាយទៅជាស្ពានភ្ជាប់ទំនាក់ទំនងរវាងកម្ពុជាទៅកាន់ ពិភពលោកកាន់តែទូលាយ ហើយ និងក្លាយជាជន្ទល់ដ៏រឹងមាំ សម្រាប់ទ្រទ្រង់វិស័យទេសចរណ៍ និង ជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូល៕