Alynana Media Cambodia
Icon Collap
clinic narit

រុស្ស៊ីនិយាយថា ខ្លួនគ្រោងនឹងបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទនៅទសវត្សរ៍ក្រោយ

Media LNN | Nov 16, 2023
រុស្ស៊ីនិយាយថា ខ្លួនគ្រោងនឹងបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទនៅទសវត្សរ៍ក្រោយ
Clinic narith

ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ប្រទេសរុស្ស៊ី គ្រោងបញ្ជូនក្រុមអវកាសយានិកទៅចុះចតនៅលើឋានព្រះចន្ទក្នុងទសវត្សរ៍ក្រោយ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយមានបំណងសាងសង់មូលដ្ឋាននៅលើភពព្រះចន្ទចាប់ពីឆ្នាំ ២០៣១ នេះបើយោងតាមសាជីវកម្មរុស្ស៊ីដែលទទួលខុសត្រូវលើការហោះហើរក្នុងលំហអាកាស។

សារព័ត៌មាន TASS បាននិយាយកាលពីថ្ងៃពុធ ១៥ ខែវិច្ឆិកា ថា ផែនការពង្រាង ដែលបង្ហាញដោយលោក វ្លាឌីមៀរ សូឡូវយ៉ូវ (Vladimir Solovyov)នៃក្រុមហ៊ុន អវកាស RKK Energia បាននិយាយថា ប្រទេសរុស្ស៊ីកំពុងរៀបចំផែនការបេសកកម្មផ្ទុកមនុស្សទៅកាន់ភពព្រះចន្ទ រួមទាំងការចុះចតលើឋានព្រះចន្ទរបស់មនុស្សជាតិរុស្ស៊ីជាលើកដំបូង រួមជាមួយនឹងមូលដ្ឋានឋានព្រះចន្ទផងដែរ។

សារព័ត៌មាន TASS បានដកស្រង់ផែនការពង្រាងនេះថា ការត្រៀមសម្រាប់ការដាក់ពង្រាយមូលដ្ឋាននៅលើភពព្រះចន្ទ ចាប់ពីឆ្នាំ២០៣១ ដល់ឆ្នាំ២០៤០។ ផែនការនេះក៏បាននិយាយអំពីការទាញយកធនធានរបស់ភពព្រះចន្ទផងដែរ។

កាលពីខែសីហា បេសកកម្មទៅកាន់ភពព្រះចន្ទលើកដំបូងរបស់រុស្ស៊ីក្នុងរយៈពេល ៤៧ ឆ្នាំបានបរាជ័យ នៅពេលយានអវកាស Luna-25 របស់ខ្លួនបានបាត់ចេញពីការគ្រប់គ្រង ហើយធ្លាក់ចូលទៅក្នុងភពព្រះចន្ទ ដោយបង្ហាញពីបញ្ហាក្រោយសូវៀតដែលធ្លាប់បានជួបប្រទះកម្មវិធីអវកាសដ៏អស្ចារ្យ។

អវកាសយានិកអាមេរិក លោក ណេល អាម ស្ត្រង (Neil Armstrong) ទទួលបានភាពល្បីល្បាញកាលពីឆ្នាំ ១៩៦៩ ដោយសារលោកបានក្លាយជាមនុស្សដំបូងដែលបានដើរលើភពព្រះចន្ទ ប៉ុន្តែបេសកកម្ម Luna-2 របស់សហភាពសូវៀត គឺជាយានអវកាសដំបូងគេដែលបានទៅដល់ផ្ទៃភពព្រះចន្ទកាលពីឆ្នាំ ១៩៥៩ ហើយបេសកកម្ម Luna-9 កាលពីឆ្នាំ ១៩៦៦ គឺជាយានទីមួយដែលបាន ចុះចតក្នុងសម្ពាធស្រាលនៅទីនោះ។ ចំណែកជនជាតិរុស្ស៊ី លោក យូរី ហ្កាហ្ការីន (Yuri Gagarin) បានក្លាយជាមនុស្សដំបូងគេនៅក្នុងលំហអាកាសកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ១៩៦១ ប៉ុន្តែក្រុមអវកាសយានិកសូវៀតមិនដែលបានចុះចតយានអវកាសផ្ទុកមនុស្សនៅលើភពព្រះចន្ទឡើយ៕