Alynana Media Cambodia
Icon Collap
clinic narit

ភ្ញៀវទេសចរបរទេសមកកាន់ប្រទេសថៃកើនដល់ ២៣លាននាក់ ដែលបង្កើតប្រាក់ចំណូលជាង ២៧ពាន់លានដុល្លារ

Admin Alynana | Nov 16, 2023
ភ្ញៀវទេសចរបរទេសមកកាន់ប្រទេសថៃកើនដល់ ២៣លាននាក់ ដែលបង្កើតប្រាក់ចំណូលជាង ២៧ពាន់លានដុល្លារ
Clinic narith

បាងកក៖ ចំនួនភ្ញៀវបរទេសមកប្រទេសថៃ បានកើនលើសចំនួន ២៣លាននាក់ ដែលបង្កើតប្រាក់ចំណូលប្រហែល ៩៨១,៦៩ពាន់លានបាត (២៧,៦៥ពាន់លានដុល្លារ)។

យោងតាមក្រសួងទេសចរណ៍ និងកីឡា របស់ថៃ បានឲ្យដឹងថា ម៉ាឡេស៊ីឈរនៅលំដាប់កំពូលក្នុងបញ្ជីភ្ញៀវបរទេសដែលមកប្រទេសថៃ មានជាង ៣,៨២លាននាក់ បន្ទាប់មកប្រទេសចិន ជាង ២,៩លាននាក់, សាធារណរដ្ឋកូរ៉េ ជាង ១,៣៧លាននាក់, ឥណ្ឌា ជាង ១,៣៥លាននាក់ និងរុស្ស៊ី ជាង ១,១៧លាននាក់។

លោកស្រី Sudawan Wangsuphakijkosol រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បាននិយាយថា ជនបរទេសជាង ៦១ម៉ឺននាក់ បានចូលប្រទេសថៃក្នុងអំឡុងសប្តាហ៍នៃថ្ងៃទី ៦-១២ខែវិច្ឆិកា ឬប្រហែល ៨៧.៣០០នាក់ជារៀងរាល់ថ្ងៃ។
លោកស្រីបញ្ជាក់ថា នេះគឺខ្ពស់ជាងមធ្យមភាគក្នុងសប្តាហ៍មុនដល់ទៅ ៩,៦១% ដែលមានត្រឹមតែ ៥៣.៥៦៧នាក់ប្រចាំថ្ងៃ។

លោកស្រីរដ្ឋមន្ត្រី Sudawan បានសន្មតថា លំហូរចូលកាលពីសប្តាហ៍មុនចំពោះថ្ងៃឈប់សម្រាក Diwali នៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ជាមួយនឹងចំនួនអ្នកមកដល់របស់ម៉ាឡេស៊ីបានកើនឡើងដល់ ជិត ៥ម៉ឺននាក់ ឬ ២៨,៦៥% ខ្ពស់ជាងសប្តាហ៍មុន។
លោកស្រីរដ្ឋមន្ត្រី បានបន្តថា លោកស្រីរំពឹងថា នឹងមានទេសចរបរទេសកាន់តែច្រើនឡើងនៅលើដីថៃនៅសប្តាហ៍ក្រោយ ដោយសារចំនួនជើងហោះហើរកាន់តែច្រើន និងរដូវរងារ នៅក្នុងប្រទេសរបស់ពួកគេ។

លោកស្រី Sudawan បានអះអាងថា ការលើកលែងតម្លៃទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន កាហ្សាក់ស្ថាន និងឥណ្ឌា ក៏ដូចជាការអនុគ្រោះទិដ្ឋាការរយៈពេលវែងសម្រាប់ជនជាតិរុស្សី នឹងរួមចំណែកដល់ចំនួនភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសថៃនៅមុនដំណាច់ឆ្នាំនេះ។

បើតាម លោក សេដ្ឋា ថាវីស៊ី នាយករដ្ឋមន្ត្រីថៃ បានលើកឡើងនាពេលកន្លងទៅនេះ ដោយមានទំនុកចិត្តថា ចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសថៃ នឹងកើនលើស ៣០លាននាក់នៅឆ្នាំ ២០២៣នេះ៕