ស៊ីដនី៖ នៅពេលអូស្ត្រាលីមានមោទនភាពថា ខ្លួនជាប្រទេសដែលមានវប្បធម៌ចម្រុះច្រើនជាងគេបំផុតនៅលើពិភពលោកនោះ សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ បានធ្វើឱ្យមានការប៉ះទង្គិចលើបញ្ហានេះ។ អារម្មណ៍ប្រឆាំងអ្នកកាន់សាសនាអ៊ិស្លាមនិងជនជាតិជ្វីហ្វបានកើនឡើងចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់កើតឡើងមក។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រុមសិទ្ធិមនុស្សមួយចំនួន។
អង្គការ Islamophobia Register Australia ដែលកត់ត្រាឧក្រិដ្ឋកម្មស្អប់ខ្ពើម បានកត់ត្រាព្រឹត្តិការណ៍ចំនួន ១៣៣ករណី ក្នុងខែកន្លងទៅ ប៉ុន្តែអង្គការសហគមន៍នេះ បានប្រាប់សារព័ត៌មានក្នុងស្រុកថា តួលេខពិតប្រាកដនៃឧប្បត្តិហេតុទាំងនោះមានចំនួនខ្ពស់ជាងនេះខ្លាំង ដោយសារតែហេតុការណ៍ជាច្រើនមិនត្រូវបានគេរាយការណ៍ឱ្យដឹងនោះឡើយ។
ដោយឡែកក្រុមប្រឹក្សាប្រតិបត្តិនៃជនជាតិជ្វីហ្វអូស្ត្រាលីវិញ បានកត់ត្រាពីឧប្បត្តិហេតុប្រឆាំងនឹងជនជាតិជ្វីហ្វចំនួន២២១ករណីរវាងពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅ។ ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៧ ខែតុលា ដែលជាថ្ងៃដែលពួកហាម៉ាស់ធ្វើការវាយប្រហារទៅលើអ៊ីស្រាអែលនោះ មានឧប្បត្តិហេតុមួយករណីកើតឡើង។
ហេតុការណ៍ទាំងនោះរួមមានការគំរាមកំហែងដោយអាវុធ ការគំរាមកំហែងលើព្រះវិហារសាសនាអ៊ិស្លាម ព្រះវិហារសាសនាជ្វីហ្វ ការគំរាមកំហែងលើសាលារៀនមូស្លីម និងសាលារៀនជ្វីហ្វ ក៏ដូចជាការធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងការគំរាមកំហែងផ្ទាល់មាត់ផងដែរ។ ការវាយដំលើរាងកាយក៏ត្រូវបានរាយការណ៍ឱ្យដឹងផងដែរ។
ក្នុងទីក្រុងកង់បេរ៉ា ក្រុមសមាជិករដ្ឋសភាអូស្ត្រាលីដែលមានដើមកំណើតជ្វីហ្វបាននិយាយថា ហេតុការណ៍ប្រឆាំងនឹងជនជាតិជ្វីហ្វ មានការឡើងខ្ពស់នៅក្នុងប្រទេសនេះ។
កាលពីពេលថ្មីៗនេះ មានការធ្វើបាតុកម្មគាំទ្រប៉ាឡេស្ទីនក្នុងទ្រង់ទ្រាយធំក្នុងប្រទេសអូស្ត្រាលី ក៏ដូចជាមានការជួបប្រជុំក្រុមអ្នកគាំទ្រខាងអ៊ីស្រាអែលផងដែរ។
នៅក្បែររោងមហោស្រពល្ខោនអូប៉េរ៉ាទីក្រុងស៊ីដនី (Sydney Opera House) កាលពីខែតុលាកន្លងទៅ ក្រុមអ្នកប្រឆាំងតវ៉ាដែលគាំទ្រប៉ាឡេស្ទីន ត្រូវបានគេថតពីសកម្មភាពស្រែកច្រៀងក្នុងខ្លឹមសារប្រឆាំងនឹងជនជាតិជ្វីហ្វ។
សមាជិករដ្ឋសភាអូស្ត្រាលីនៃគណបក្សសេរីភាព (Liberal Party) ដែលជាគណបក្សប្រឆាំងក្នុងសភាតំណាងរាស្ត្រអូស្ត្រាលី លោក Julian Leeser និងជាមេដឹកនាំសហគមន៍ជនជាតិជ្វីហ្វដ៏សំខាន់មួយរូប បានប្រាប់វិទ្យុអូស្ត្រាលីកាលពីថ្ងៃទី១៦ ខែវិច្ឆិកាថា ការប្រឆាំងជនជាតិជ្វីហ្វមានការកើនឡើងជាខ្លាំង។
លោកថ្លែងថា៖ «ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអូស្ត្រាលីមានការធ្លាក់ចុះខ្លាំង ជាពិសេសសហគមន៍ជនជាតិជ្វីហ្វ ដោយសារតែមានការធ្វើបាតុកម្មជាច្រើនដែលយើងបានឃើញ ដូចជាក្នុងព្រឹត្តិការណ៍នៅជិតរោងមហោស្រពល្ខោនអូប៉េរ៉ា ដោយយើងបានឃើញគេស្រែកពាក្យថា «ដុតពួកជ្វីហ្វ» ជាដើម។ ពិតហើយពលរដ្ឋមានសិទ្ធិក្នុងការប្រឆាំងតវ៉ា ដើម្បីផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ប្រទេស ប៉ុន្តែគេមិនត្រូវប្រើសិទ្ធិហួសរហូតដល់ការបំភិតបំភ័យអ្នកដទៃនោះឡើយ ដែលខ្ញុំគិតថា នោះជារឿងខុសឆ្គងមួយ»។
ក្នុងខែតុលាកន្លងទៅ រដ្ឋមន្ត្រីអូស្ត្រាលីពីររូបបាននិយាយថា អ៊ីស្រាអែលយកពលរដ្ឋស៊ីវិលក្នុងតំបន់ហ្កាហ្សាធ្វើជាការសងសឹករួម ទៅនឹងអំពើយង់ឃ្នងដែលពួកហាម៉ាស់បានធ្វើលើអ៊ីស្រាអែល។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអូស្ត្រាលីលោក Ed Husic និងរដ្ឋមន្ត្រីក្រសួងអប់រំកុមារអ្នកស្រី Anne Aly ជាសមាជិកគណៈរដ្ឋមន្ត្រីអូស្ត្រាលីតែពីរនាក់គត់ ដែលមានដើមកំណើតមូស្លីម។
ថ្លែងទៅកាន់រដ្ឋភាអូស្ត្រាលីកាលពីថ្ងៃពុធម្សិលមិញ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានបញ្ជាក់ឡើងវិញពីគោលនយោបាយរបស់រដ្ឋាភិបាលលោកចំពោះប្រទេសអ៊ីស្រាអែល។
លោកថ្លែងថា៖ «ដូចយើងធ្លាប់បាននិយាយដ៏ច្បាស់លាស់រួចមកហើយថា អ៊ីស្រាអែលមានសិទ្ធិក្នុងការការពារខ្លួន។ យើងក៏ធ្លាប់បាននិយាយផងដែរថា អ្វីដែលសំខាន់នោះ គឺយើងត្រូវចែកឱ្យដាច់រវាងពួកហាម៉ាស់និងពលរដ្ឋប៉ាឡេស្ទីន។ យើងបាននិយាយរឿងនេះ ដូចគ្នាដោយមិនកែប្រែនោះឡើយ»។
មេដឹកនាំប្រឆាំងនៃគណបក្សអភិរក្សនិយមអូស្ត្រាលី លោក Peter Dutton បានចោទជាសំណួរដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលអូស្ត្រាលី ជុំវិញការកើនឡើងនៃសកម្មភាពប្រឆាំងនឹងក្រុមជនជាតិជ្វីហ្វនៅក្នុងប្រទេសអូស្ត្រាលី។ លោក Dutton បានប្រាប់រដ្ឋសភាអូស្ត្រាលីកាលពីថ្ងៃទី១៥ ខែវិច្ឆិកាថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese បានខកខានក្នុងការការពារសហគមន៍ជនជាតិជ្វីហ្វ ជុំវិញការកើនឡើងសកម្មភាពប្រឆាំងនឹងសហគមន៍នេះនៅក្នុងប្រទេសអូស្ត្រាលី។ លោក Albanese បានទាត់ចោលនូវការលើកឡើងនេះ ដោយនិយាយថា លោកនឹងបន្តការពារប្រឆាំងនឹងការស្អប់ខ្ពើមទៅលើក្រុមជនជាតិជ្វីហ្វ។
ជនជាតិជ្វីហ្វក្នុងប្រទេសអូស្ត្រាលីមានចំនួនប្រមាណ ០,៤ ភាគរយនៃចំនួនប្រជាជនសរុបទាំងអស់របស់អូស្ត្រាលី ខណៈដែលជនជាតិមូស្លីមក្នុងប្រទេសនេះ មានចំនួនប្រមាណ ៣,២ភាគរយ។ នេះបើយោងទៅលើតួលេខនៃការិយាល័យស្ថិតិអូស្ត្រាលី។
ប្រទេសអូស្រ្តាលីមានទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ ១៩៤៩ មក ហើយបានតាំងចិត្តគាំទ្រលើដំណោះស្រាយមួយសម្រាប់រដ្ឋពីរ ដែលក្នុងនោះអ៊ីស្រាអែលនិងអនាគតរដ្ឋប៉ាឡេស្ទីនមួយ អាចកើតឡើងនិងរស់នៅក្បែរគ្នា ដោយមានព្រំប្រទល់ដែលអន្តរជាតិទទួលស្គាល់ជាផ្លូវការ៕