អ៊ុយក្រែនបានទទួលជំនួយពីសហភាពអឺរ៉ុប (EU ) ទំហំ១,៥ពាន់លានអឺរ៉ូ (១,៦៤ពាន់លានដុល្លារ) ដែលធ្វើឲ្យជំនួយសរុបពីប្លុកនេះកើនដល់ ១៦,៥ពាន់លានអឺរ៉ូ ( ប្រហែល១៨ពាន់លានដុល្លារ) នៅឆ្នាំនេះ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal នៅថ្ងៃទី២២ ខែវិច្ឆិកា បានស្វាគមន៍ជំនួយថ្មីដែលមានតម្លៃ១,៥ពាន់លានអឺរ៉ូពី EU ដោយបញ្ជាក់ថា នេះជា គន្លឹះក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសក្នុងបរិបទនៃជម្លោះជាមួយរុស្ស៊ី។
បើតាមក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន ជំនួយសរុបពីប្លុកនេះកើនដល់ ១៦,៥ពាន់លានអឺរ៉ូនៅឆ្នាំនេះ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី Shmyhal រំពឹងថា កម្មវិធី ៥០ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែននឹងត្រូវបានអនុម័តយ៉ាងឆាប់រហ័ស ស្របពេលស្ថានភាពជំនួយពីអាម៉េរិកមានភាពមិនច្បាស់លាស់នៅឆ្នាំក្រោយ។
សូមបញ្ជាក់ថា ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយពេល២១ខែមកហើយ ដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ុយក្រែនយ៉ាងខ្លាំង និងបង្ខំឲ្យរដ្ឋាភិបាលក្រុងកៀវពឹងផ្អែកខ្លាំងលើការគាំទ្រផ្នែកហិរញ្ញវត្ថុពីសម្ព័ន្ធមិត្តលោកខាងលិចសម្រាប់ការចំណាយលើសង្គមផ្សេងៗ។ អ៊ុយក្រែនក៏កំពុងប្រឈមមុខនឹងហានិភ័យនៃឱនភាពថវិកាប្រហែល ៤៣ពាន់លានដុល្លារនៅឆ្នាំក្រោយ ហើយគ្រោងទូទាត់ឱនភាពជាមួយនឹងជំនួយហិរញ្ញវត្ថុពីបរទេស។
នៅឆ្នាំក្រោយ ទីក្រុងកៀវរំពឹងថា នឹងទទួលបានជំនួយប្រហែល ១៨ពាន់លានអឺរ៉ូពីកម្មវិធីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនរបស់ EU ខណៈប្រទេសនេះក៏កំពុងស្វែងរកជំនួយសេដ្ឋកិច្ចចន្លោះ១២ ទៅ១៤ពាន់លានដុល្លារពីអាម៉េរិកផងដែរ។ យ៉ាងណាមិញ កញ្ចប់ជំនួយរបស់អាម៉េរិកមិនទាន់ត្រូវបានអនុម័តនៅឡើយ៕