រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តើតប្រទីបអកអំបុក និងសំពះព្រះខែបងប្អូនប្រជាពលរដ្ឋកម្ពុជាហាក់មានការសាទរ និងរីករាយជាមួយនឹងការប្រណាំងទូកនៅរាជធានីភ្នំពេញ ដោយមានបងប្អូនជាអ្នកប្រណាំងទូកមកពីទូទាំងរាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះលទ្ធផលសរុបចំនួន៣ថ្ងៃពេញនៃព្រះរាជពិធីបុណ្យអុំទូក ឈ្មោះខេត្តចំនួន៥នេះ បានក្លាយជាជើងឯក៥ចំណាត់ថ្នាក់ ឈ្នះការប្រណាំងទូកគូពិសេសរយៈពេល៣ថ្ងៃពេញ។ នេះបើយោងតាមប្រភព ផ្សាយពីក្រសួងអប់រំ យុវជន និងកីឡា ចុះព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣៖
១. ខេត្តកំពង់ចាម៖ ទទួលបានចំណាត់ថ្នាក់លេខ១ មានឈ្មោះទូក មហាទន្យាយតេជោសែនជ័យ ដែលទទួលបានការឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
២. ខេត្តតាកែវ៖ ទទួលបានចំណាត់ថ្នាក់លេខ២ មានឈ្មោះទូក សម្តេចវិបុលបញ្ញា បារមីមានជ័យ ដែលទទួលបានការឧបត្ថម្ភដោយ ឯកឧត្តម សុខ សូកាន និង ឯកឧត្តម សុខពុទ្ធិវុធ
៣. ខេត្តព្រះវិហារ៖ ទទួលបានចំណាត់ថ្នាក់លេខ៣ មានឈ្មោះទូក កោះកេសែនជ័យបារមីព្រះអង្គខ្មៅ ដែលទទួលបានការឧបត្ថម្ភដោយ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង
៤. ខេត្តកណ្តាល៖ ទទួលបានចំណាត់ថ្នាក់លេខ៤ មានឈ្មោះទូក សារាយតេជោសែនជ័យ ដែលទទួលបានការឧបត្ថម្ភដោយ ឯកឧត្តម្ភអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
៥. ខេត្តកណ្តាល៖ ទទួលបានចំណាត់ថ្នាក់លេខ៥ មានឈ្មោះទូក រតនៈកុមារតេជោសែនជ័យ ដែលទទួលបានការឧបត្ថម្ភដោយ ឯកឧត្តម្ភអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ចំពោះទូកគូពិសេស នៅឆ្នាំ២០២៣នេះ គណៈកម្មការបច្ចេកទេស និងគណៈមេប្រយោគបានរៀបចំឱ្យមានទូកចំនួន ៩៨ទូក ជាទូកគូពិសេស ចូលរួមប្រកួតប្រជែង ដោយកំណត់លទ្ធផលតាមរយៈថិរៈវេលា ដោយឆ្នាំនេះទូកគូពិសេស ដែលមានល្បឿនលឿនជាងគេមានចំនួន ៣ទូក រួមមាន៖ លេខ១ ទូកឈ្មោះ មហាទន្សាយតេជោសែនជ័យ ពាក់ស្លាកលេខ ១៨៣ មានចំណុះ ៧៥នាក់ មកពីខេត្តកំពង់ចាម ដោយសរុបរយៈពេល៣ថ្ងៃនេះធ្វើសម្រេចក្នុងថិរៈវេលា ត្រឹម ២៨:០៦.៣៣ នាទី។
ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះសម្តេចវិបុលបញ្ញាបារមីមានជ័យ ពាក់ស្លាកលេខ ២៦៧ មានចំណុះ ៧៤នាក់ មកពីខេត្តតាកែវ ក្នុង៣ថ្ងៃនេះប្រើប្រាស់ថិរៈវេលាត្រឹម ២៨:០៦.៦២នាទី។ ចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះកោះកេរសែនជ័យបារមីព្រះអង្គខ្មៅ ពាក់ស្លាក់លេខ ២០៣ មានចំណុះ ៧៧នាក់ មកពីខេត្តព្រះវិហារ ៣ថ្ងៃប្រើថិរៈវេលា ២៨:០៧.៨១ នាទី។
សម្រាប់លទ្ធផលប្រណាំងទូកទាំងស្រុង៖ MoEYS Cambodia
គួរជម្រាបផងដែរថាចំពោះការប្រណាំងទូកនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប ឆ្នាំ២០២៣នេះមានការចូលរួមប្រកួតចំនួន៣៣៨ និងប្រទីបរបស់បណ្តាក្រសួង-ស្ថាប័ននានាចំនួន៣០ បន្ទាប់ពីព្រឹត្តិការណ៍នៃព្រះរាជពិធីនេះបានខកខានអស់រយៈពេល៣ឆ្នាំដោយសារវិបត្តិជំងឺសកលកូវីត១៩៕