Alynana Media Cambodia
Icon Collap
clinic narit

លោក កែវ រតនៈ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូក្នុង​ការផលិតថាមពលស្អាត

Media LNN | Dec 01, 2023
លោក កែវ រតនៈ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូក្នុង​ការផលិតថាមពលស្អាត
Clinic narith

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសគំរូក្នុងការផលិតថាមពលស្អាត ខណៈបច្ចុប្បន្នកម្ពុជាមានថាមពលស្អាតខ្ពស់ជាងប្រទេសសមាជិកអាស៊ានដទៃទៀត។

ថាមពលស្អាត ជាថាមពលកកើតឡើងវិញ មានដូចជាថាមពលបានមកពីកម្លាំងទឹក ពន្លឺព្រះអាទិត្យ និង​កម្លាំង​ខ្យល់ជាដើម។ ពិភពលោកកំពុងរួមគ្នាដាក់ចេញគោលដៅផលិតថាមពលស្អាតឱ្យបានខ្ពស់ ដើម្បី​ជួយ​ដល់បរិស្ថាន និងភពផែនដី។

បច្ចុប្បន្ននេះ កម្ពុជាមានថាមពលស្អាតរហូតដល់ទៅ៦២ភាគរយ និងមាន​មហិច្ឆ​តាផលិតថាមពលស្អាតឱ្យ​បានរហូតដល់ទៅ៧០ភាគរយនៅឆ្នាំ២០៣០។

ដើម្បីសម្រេចមហិច្ឆតានេះ ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាថ្ងៃទី៣០​ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានដាក់​ចេញ​គោល​នយោបាយមួយចំនួនរួមមាន បញ្ឈប់ការបង្កើតរោងចក្រផលិតអគិ្គសនី​ដោយប្រើធ្យូងថ្ម, មិនអនុញ្ញាត​ឱ្យសង់​វារីអគ្គិសនីកាត់ទន្លេមេគង្គ, លុបគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មកម្លាំង​៧០០​មេហ្កា​វ៉ាត់ នៅតារាសាគរក្នុងខេត្តកោះកុងជាដើម។

ការសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងចំពេលអង្គការសហប្រជាជាតិបើកកិច្ចប្រជុំ​កម្រិតខ្ពស់មួយ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ COP-28 នៅទីក្រុងឌូបៃ។

លោក កែវ រតនៈ បានហៅការសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាគំរូមួយសម្រាប់ពិភពលោក ពោលគ្រាដែលពិភពលោកកំពុងប្រជុំគ្នាស្តីពីបញ្ហាបរិស្ថាន និងការផលិតថាមពលស្អាត តែកម្ពុជា​បានធ្វើ​សកម្មភាពជាក់ស្តែងទៅហើយ។

លោក កែវ រតនៈ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ពេលពិភពលោកចង់ធ្វើថាមពលស្អាតឱ្យបានច្រើន កម្ពុជា​កំពុងធ្វើជាក់ស្តែងនៅទីនេះ នេះជាការបញ្ជូនសារមួយ។ [...] ការប្តេជ្ញាចិត្តនេះ បង្ហាញឱ្យឃើញ​ថា កម្ពុជាយើងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មិនមែនគ្រាន់តែចង់បាន​ថាម​ពល​គ្រប់​គ្រាន់ ដើម្បីជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែចង់ចូលរួមចំណែកទទួលខុស​ត្រូវ​ខ្ពស់​ជួយ​ការពារផែនដីរបស់យើងផងដែរ»។

លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានលើកឡើងផងដែរថា ការបង្កើតថាមពលស្អាតមិនត្រឹមតែជួយ​ដល់​បរិស្ថាន និងភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណែកជួយ​ទាក់ទាញការវិនិយោគនានាមកកាន់កម្ពុជាផងដែរ៕