(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ដើម្បីសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នា២០៥០ រាជរដ្ឋាភិបាលនៅតែផ្តោតលើមនុស្សជាចម្បង ពោលគឺឈរលើស្មារតីដោយបោះបង់ពលដ្ឋណាម្នាក់។
ការបញ្ជាក់យ៉ាងដូច្នេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវគោលនយោបាយជាតិពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដែលជាគោលនយោបាយអាទិភាពចុងក្រោយក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦។
នាឱកាសនោះ សម្ដេចធិបតីបានប្រកាសជាថ្មីថា «ដើម្បីសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នា២០៥០ រាជរដ្ឋាភិបាលនៅតែផ្តោតលើមនុស្សជាចម្បង ដែលនឹងបន្តជំរុញកសាងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្ដុំប្រកបសង្គតិភាព ចីរភាព ដើម្បីឈរលើស្មារតីដោយបោះបង់ពលដ្ឋណាម្នាក់ តាមរយៈការផ្ដោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ»។
សម្ដេចធិបតីបានបន្តថា ជាក់ស្ដែងនៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលបានកំណត់យកការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងគ្រាវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដែលជាកម្មវិធីគោលនយោបាយទី៣ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦របស់រាជរដ្ឋាភិបាល ដើម្បីបន្តអភិវឌ្ឍប្រព័ន្ធជំនួយសង្គមសម្រាប់កសាងសង្គមមួយដែលមានភាពរឹងមាំ ភាពធន់ និងប្រកបដោយបរិយាបន្ន តាមរយៈការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋ គ្រួសារងាយរងគ្រោះ និងងាយរងហានិភ័យ ដើម្បីកាត់បន្ថយអត្រាភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
គួរជម្រាបថា ចំពោះចក្ខុវិស័យ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នា២០៥០» នេះ គឺត្រូវបានប្រកាសឡើងតាំងពីជំនាន់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយត្រូវបានបន្តដឹកនាំអនុវត្តមកដល់ជំនាន់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត៕