សហភាពអឺរ៉ុប (EU) បានបង្កើនការនាំចូលគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីយ៉ាងខ្លាំងពោលគឺកើនឡើងប្រមាណ ២២ភាគរយនៅខែកញ្ញាដែលមានចំនួន១៨០ពាន់តោន។ ចំនួននេះកើនឡើង១០ដង បើធៀបគ្រាដូចគ្នាឆ្នាំមុន។
បើតាមទិន្នន័យពីទីភ្នាក់ងារស្ថិតិអឺរ៉ុប (Eurostat) រុស្ស៊ីក្លាយជាអ្នកផ្គត់ផ្គង់គ្រាប់ធញ្ញជាតិធំជាងគេទាំង៥ របស់អឺរ៉ុបវិញក្រោយអាក់ខានជាងមួយឆ្នាំកន្លះ។
នៅខែកញ្ញា EU បានបង្កើនការនាំចូលគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីវិញពោលគឺកើនឡើង ២២ភាគរធៀបនឹងខែមុន។ តួលេខនេះកើនឡើង ១០ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានរហូតដល់ ១៨០ពាន់តោន។
កន្លងមក ក្រសួងកសិកម្មរុស្ស៊ីធ្លាប់ព្យាករថា រុស្ស៊ីនឹងនាំចេញគ្រាប់ធញ្ញជាតិច្រើនជាង ៦៥លានតោនក្នុងរដូវប្រមូលផល។ សម្រាប់ឆ្នាំ២០២៣ ទិន្នផលគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីដែលទទួលបានអាចកើនដល់១៥០លានតោន។
គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែន ជាអ្នកនាំចេញគ្រាប់ធញ្ញជាតិធំៗពីរនៅលើពិភពលោក។ រុស្សីជាប្រទេសនាំចេញជីធំជាងគេលើពិភពលោកផងដែរ។ ប៉ុន្តែជម្លោះរវាងប្រទេសទាំងពីរដែលបានផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំមុន បានរារាំងសមត្ថភាពរបស់ប្រទេសទាំង២ការដឹកស្បៀង និងជីទៅកាន់ទីផ្សារពិភពលោក៕