(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី ដែលមានចំនួនទឹកប្រាក់ស្មើនឹង ៣សែនដុល្លារសហរដ្ឋអាមេរិក សម្រាប់ការងារ ជួសជុលឡើងវិញ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
សេចក្ដីប្រកាសព័ត៌មានរួមបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយលើសកម្មភាពនានាក្នុងការថែរក្សា និងជួសជុលតំបន់ រមណីយដ្ឋានសំបូរព្រៃគុក ក្នុងរូបភាពចម្បងតាមរយៈគម្រោងមូលនិធិ ដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨ ៩៦៧ ដុល្លារសហរដ្ឋអាមេរិក។ បើនិយាយឱ្យលម្អិត រដ្ឋាភិបាលជប៉ុនបានជួយលើសម្ភារៈ និងឧបករណ៍ ដេញថ្លៃនានាសម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១២។
ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគារបណ្តុះបណ្តាល និងផ្តល់សម្ភារៈ និងឧបករណ៍មួយចំនួនសម្រាប់ការងារជួសជុលអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុក។
«យើង ជឿជាក់ថា តាមរយៈគម្រោងដែលបានរៀបរាប់ទាំងនេះ ព្រមទាំងគម្រោងជំនួយថ្មី នឹងជួយផ្ដល់សមត្ថភាពដល់ សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា បានរៀនជំនាញវិជ្ជាជីវៈ កម្រិតខ្ពស់ ព្រមទាំងទទួលបានចំណេះដឹងតាមរ យៈកម្មវិធីកសាងសមត្ថភាព និងការបណ្តុះបណ្តាលការងារដោយការអនុវត្តជាក់ស្ដែង។ យើងសង្ឃឹមថា គម្រោងជំនួយថ្មីនេះ នឹងរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធិភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន៕