Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី៖ជើងហោះហើរត្រង់ហាណូយ-ខេត្តសៀមរាបជាការតភ្ជាប់ដ៏សំខាន់ ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក

Media LNN | Dec 12, 2023
សម្តេចធិបតី៖ជើងហោះហើរត្រង់ហាណូយ-ខេត្តសៀមរាបជាការតភ្ជាប់ដ៏សំខាន់ ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក
Clinic narith

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet ចូលជួបសម្តែងការគួរសម នៅក្នុងថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

​ក្នុងជំនួបនេះ លោក ង្វៀន ថាញ់ ហ៊ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីក្រុមហ៊ុន Sovico Group ដែលមានសកម្មភាពអាជីវកម្ម និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ហើយអាជីវកម្មមួយដែលលេចធ្លោ គឺក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលនឹងបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ។ 

លើសពីនេះ លោក ង្វៀន ថាញ់ ហ៊ុង ក៏បានសម្តែងនូវសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នោះប្រទេសកម្ពុជា នឹងកាន់តែមានការរីកចម្រើងរុងរឿងប្រកបដោយវិបុលភាពជាក់ជាមិនខាន ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំ នៃក្រុមហ៊ុនទាំងពីរ និងបានសម្តែងនូវការគាំទ្រចំពោះការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងខេត្តសៀមរាប នៅថ្ងៃទី១៥ ធ្នូ ២០២៣ ឆាប់ៗខាងមុខ ដែលនេះគឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ។ 

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរ អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការផ្តល់នូវកិច្ចគាំទ្រសម្របសម្រួលចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet នៅក្នុងប្រទេសកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកគោលដៅនៃការហោះហើរត្រង់ពីទីក្រុងដាណាំង មកកាន់រាជធានីភ្នំពេញ ក៏ដូចជាការពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់កម្ពុជា ក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីជំរុញការធ្វើដំណើររបស់អ្នកទេសចរវៀតណាម តាម Vietjet Air មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ៕
photo_2023-12-12_15-12-04 (2)photo_2023-12-12_15-12-04photo_2023-12-12_15-12-05 (2)photo_2023-12-12_15-12-05photo_2023-12-12_15-12-06photo_2023-12-12_15-12-07 (2)photo_2023-12-12_15-12-07photo_2023-12-12_15-12-09