(ភ្នំពេញ)៖ ជាសញ្ញាល្អសម្រាប់កម្ពុជា ក្រោយមានក្រុមហ៊ុនធំមួយរបស់ជប៉ុនបង្ហាញពីបំណងរបស់ខ្លួនចង់ចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម។
ថ្លែងក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) បានបង្ហាញពីគោលបំណងរបស់ខ្លួន ពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។
ក្រៅពីគោលបំណងក្នុងការវិនិយោគនៅកម្ពុជា លោក គីម មូចូ ក៏បានជម្រាបអំពីសកម្មភាពនៃខ្សែច្រវាក់ផលិតកម្មជាច្រើនរបស់ក្រុមហ៊ុនខ្លួនទៅកាន់សម្តេចមហាបវរធិបតីឱ្យបានជ្រាបបន្ថែមផងដែរ ដោយក្នុងនោះក្រុមហ៊ុនមានខ្សែសង្វាក់កម្មដូចជា ៖សម្លៀកបំពាក់, គ្រឿងសំអាង, គ្រឿងឧបភោគ-បរិភោគ ជាដើម ដែលសុទ្ធ តែផលិតចេញ ពី ស៊ុតមាន់ ។ ជាមួយគ្នានេះ លោកនាយកក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ថា ដោយសម្លឹងមើលឃើញសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) ក៏មានបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេស លើវិស័យកសិកម្ម ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក គីម មូចូ នាយកក្រុមហ៊ុន PFI ព្រមទាំងសហការី និងបានបង្ហាញក្តីរីករាយចំពោះគម្រោងរបស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះក្រុមហ៊ុន ដែលមានការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបក្នុងការផលិតផលិតផលចេញពីស៊ុតមាន់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយនាំយកបច្ចេកវិទ្យានេះទៅជាមួយ ដើម្បីជាការផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាកសិករកម្ពុជា ហើយមួយវិញទៀត ការច្នៃប្រឌិតបង្កើតបច្ចេកវិទ្យាថ្មីៗបែបនេះ គឺជាការកាលានុវត្តភាពដ៏ចាំបាច់ក្នុងធានាបាននូវសមត្ថភាពក្នុងការប្រកួតប្រជែងរបស់កម្ពុជា ផងដែរ៕