Alynana Media Cambodia
Icon Collap
clinic narit

គម្រោងសាងសង់ផ្លូវជាតិលេខ១០ សម្រេចបានប្រមាណ ៧៣%ហើយ គម្រោងនេះ​គ្រោង​បញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងកំឡុងឆ្នាំ២០២៥

Media LNN | Dec 18, 2023
គម្រោងសាងសង់ផ្លូវជាតិលេខ១០ សម្រេចបានប្រមាណ ៧៣%ហើយ គម្រោងនេះ​គ្រោង​បញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងកំឡុងឆ្នាំ២០២៥
Clinic narith

បច្ចុប្បន្នគម្រោងសាងសង់ផ្លូវជាតិលេខ១០ សម្រេចបានប្រមាណ ៧៣%ហើយ គម្រោងនេះ​គ្រោង​បញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងកំឡុងឆ្នាំ២០២៥។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា បច្ចុប្បន្ន​នេះ​គម្រោង​សាង​សង់​ផ្លូវ​ជាតិ​លេខ​១០​ ដែលមានប្រវែងប្រមាណជិត ២០០គីឡូម៉ែត្រសម្រេចបានប្រមាណ ៧៣%ហើយ គម្រោង​នេះ​គ្រោង​បញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងកំឡុងឆ្នាំ២០២៥។

ជាមួយគ្នានេះការសាងសង់ស្ពានខ្ពស់ជាងគេនៅកម្ពុជាលើកំណាត់ផ្លូវមួយខ្សែនេះក៏បានសាងសង់លេច​ចេញនូវសសរស្ពានហើយ។ ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ គឺឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិត​នៅ​ភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២៨ និង​១២៩ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវ៉េកម្រិត៣ ដែលមានបន្ទុកចំនួន ៥៥តោន ហើយ​គ្រោងចំណាយថវិកាអស់ប្រមាណជាង ២២លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ២៨ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភ: ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ​២០២៥។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៧,៦៩៧គីឡូម៉ែត្រ តភ្ជាប់​ពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ទៅភ្ជាប់ស្រុកវាលវែង-អូរសោម នៃខេត្តពោធិ៍សាត់ និងរហូត​ដល់​ខេត្ត​កោះកុង ដែលសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មានទទឹងតួផ្លូវសរុបចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ ឬហៅថា DBST មាន​សាង​សង់​ស្ពាន​ចំនួន ២៨កន្លែង ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់ ៧៥ម៉ែត្រ បណ្តោយ ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។

ផ្លូវជាតិលេខ១០នេះគ្រោងចំណាយថវិកាសាងសង់ប្រមាណជាង ១៨៨លានដុល្លារ ជា​ហិរញ្ញប្បទាន​របស់ប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងបាន​បើក​ការដ្ឋាន​សាង​សង់​កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Wang Wentian ឯក​អគ្គ​រដ្ឋទូតចិនប្រចាំនៅកម្ពុជា៕