(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ១,៣៩០,១១៧ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យា ផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោងខាងក្រោម៖
១.គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី៣) (ថវិកាចំនួន ៦៩៦,៣៩៧ ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយ៖ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)
នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ៤៧០ ហិចតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្តល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម។
២.គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី៣) (ថវិកាចំនួន ៦៩៣,៧២០ ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយ៖ អង្គការ JMAS
នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១៨០ ហិចតា និងផ្ទេរវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅដល់ CMAC។ គម្រោងនេះ ក៏នឹងផ្តល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីនផងដែរ។ បន្ថែមពីនេះ កសិករនឹងទទួលបានឱកាសសិក្សាអំពីបច្ចេកទេសដាំដុះស្រូវ និងបង្កើតកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមីនរួចរាល់។
ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៥២ លាន ដុល្លារអាមេរិក ដល់គម្រោងចំនួន ១៥៤ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕