Wall Street ដែលជាសង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក បានព្យាករថា សេដ្ឋកិច្ចឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៥របស់ពិភពលោក នឹងបន្តសម្រេចបានកំណើន ខណៈសេដ្ឋកិច្ចមហាយក្សចិននឹងដាំក្បាលចុះនៅឆ្នាំ២០២៤។ តើមានកត្តាអ្វីខ្លះជំរុញ Wall Street ព្យាករបែបនេះ ចំពោះប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីទាំងពីរ?
ការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៤ ដោយធនាគារនានានៅសង្កាត់ហិរញ្ញវត្ថុ Wall Street បាននាំមកនូវក្ដីសង្ឃឹម បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចមិនបានកើតឡើងដូចការរំពឹងទុក បើទោះបីមានការរឹតបន្តឹងហិរញ្ញវត្ថុយ៉ាងខ្លាំងពីបណ្ដាធនាគារកណ្តាលក្នុងឆ្នាំនេះ និងអស្ថិរភាពភូមិសាស្ត្រនយោបាយដែលកំពុងបន្តកើនឡើងយ៉ាងណាក្ដី។
ក្រុមអ្នកវិភាគទីផ្សាររំពឹងថា សេដ្ឋកិច្ចរបស់ចិន នឹងបង្អង់ល្បឿនបន្ថែមទៀត ចំណែកឯសេដ្ឋកិច្ចឥណ្ឌា នឹងបន្តការកើនឡើង ខណៈទិដ្ឋភាពសេដ្ឋកិច្ចថ្មីលេចចេញឡើង បន្ទាប់ពីការកែទម្រង់ក្រោយវិបត្តិកូវីដ-១៩។
នេះជាទស្សនវិស័យទីផ្សារសំខាន់ៗចំនួន៥របស់សង្កាត់ហិរញ្ញវត្ថុ Wall Street សម្រាប់ឆ្នាំ២០២៤ ក្នុងនោះទី១, គឺកំណើនសេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មីរបស់ប្រទេសចិន៖ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ក្រោយបញ្ចប់វិធានការរឹតបន្តឹងសូន្យ-ដូវីដ ដ៏តឹងរ៉ឹងរបស់ខ្លួន ប្រទេសចិនបានប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចឱ្យកើនឡើងខ្លាំងពីអត្រា៣% ដែលខ្លួនសម្រេចបានក្នុងឆ្នាំ២០២២ ឱ្យឈានដល់កម្រិតដូចមុនពេលមិនទាន់មានផ្ទុះជំងឺកូវីដ-១៩។
ប៉ុន្តែដោយសារស្ថានភាពមិនសូវអំណោយផលសេដ្ឋកិច្ចចិនត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងតែរង្វង់៥% នៅក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ក្នុងទសវត្សរ៍មុនពេលផ្ទុះវិបត្តិកូវីដ-១៩ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន សម្រេចបានកំណើនជាមធ្យម៧,៧%។
ធនាគារវិនិយោគពហុជាតិសាសន៍ UBS បានបញ្ជាក់ក្នុងទស្សនវិស័យសកលរបស់ខ្លួនថា គន្លងប្រក្រតីភាពថ្មីកំពុងលេចចេញហើយសម្រាប់ប្រទេសចិន ហើយឧបសគ្គលើគំរូកំណើនចាស់ទំនងជានឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចមានសន្ទុះយឺតជាងក្នុងពេល២ទសវត្សរ៍កន្លងមកនេះ។
ទស្សនៈវិស័យទី២ គឺប្រទេសឥណ្ឌា និងអាស៊ីអាគ្នេយ៍ទទួលបានអត្ថប្រយោជន៍ពីខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីៗ ក្នុងន័យនេះឥណ្ឌា នឹងនៅតែរក្សាបានតំណែងជាប្រទេសមានសេដ្ឋកិច្ចកើនឡើងលឿនបំផុតមួយនៅឆ្នាំ២០២៤ ដោយសារការកើនឡើងចំនួនអ្នកធ្វើការ ការពង្រីកឧស្សាហកម្មចាប់ពីវិស័យកសិកម្មដល់សេវាកម្ម និងរំហូរចូលមូលធនពីបណ្ដាវិនិយោគិន ដែលកំពុងស្វែងរកជម្រើសផ្សេងក្រៅពីប្រទេសចិន។
វៀតណាម និងឥណ្ឌូនេស៊ី ក៏ត្រៀមខ្លួនទទួលបានអត្ថប្រយោជន៍មិនត្រឹមតែពីការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ឆ្ងាយពីប្រទេសចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលដែលជួយគាំទ្រដល់ការផលិតបច្ចេកវិទ្យាមានតម្លៃខ្ពស់ថ្មីរបស់ប្រទេសចិនផងដែរ។ របាយការណ៍របស់ធនាគារអាមេរិក (Bank of America) បានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅឥណ្ឌា និងបណ្ដាប្រទេសក្នុងតំបន់អាស៊ានបានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ២០១០។
ទស្សនៈវិស័យទី៣ គឺប្រទេសជប៉ុនសម្លឹងរក្សាកំណើនថ្មីៗនេះ៖ ជាក់ស្តែងបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំណើនដ៏សំខាន់បំផុតរបស់ជប៉ុនក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ ដែលគេប៉ាន់ប្រមាណថា នឹងសម្រេចបានក្នុងរង្វង់២% ក្នុងឆ្នាំ២០២៣ នឹងបង្អង់ល្បឿននៅឆ្នាំក្រោយ ប៉ុន្តែសុទិដ្ឋិនិយមចំពោះផ្សារហ៊ុនជប៉ុន ត្រូវគេរំពឹងថា នឹងបន្តកើតមាន ទោះបីជាមានការរំពឹងទុកថា ធនាគារកណ្តាលជប៉ុន នឹងបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួននៅដើមឆ្នាំ២០២៤ ក៏ដោយ។
ប្រាក់យ៉េនរបស់ជប៉ុនបានឡើងថ្លៃដល់ប្រមាណ១៤២យ៉េន ទល់នឹង១ដុល្លារអាមេរិក បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានបង្ហាញសញ្ញាថា នឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀតក្នុងឆ្នាំ២០២៤។
ទស្សនៈវិស័យទី៤ គឺពិភពលោកបានជៀសផុតពីវិបត្តិសេដ្ឋកិច្ចហើយនៅពេលនេះ៖ ធនាគារអង់គ្លេស បាឃ្លី(Barclays) បានលើកឡើងតាមរយៈទស្សនវិស័យឆ្នាំ២០២៤ របស់ខ្លួនថា វិបត្តិសេដ្ឋកិច្ចដែលមនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររំពឹងថា នឹងកើតឡើង គឺនៅតែមិនទាន់កើនឡើងទេ។ សូម្បីពេលបណ្ដាធនាគារកណ្តាលទូទាំងពិភពលោកបានបន្តការដំឡើងអត្រាការប្រាក់យ៉ាងគំហុក ដើម្បីទប់អតិផរណាពេញមួយឆ្នាំ២០២៣ យ៉ាងណាក្ដី ក៏វិបត្តិសេដ្ឋកិច្ចមិនបានកើតឡើងដូច ដែលគេបានរំពឹងទុកនោះដែរ។
ទស្សនៈវិស័យទី៥ គឺភាពប្រែប្រួលនយោបាយនឹងកើតមានច្រើនក្នុងឆ្នាំបោះឆ្នោតដ៏សំខាន់៖ ជាងពាក់កណ្តាល នៃប្រជាជនទូទាំងពិភពលោកនឹងចូលរួមក្នុងការបោះឆ្នោតក្នុងឆ្នាំនេះស្របពេលមានផលវិបាកយ៉ាងធំធេងសម្រាប់ពិភពលោក ដែលកាន់តែបែកបាក់ខ្លាំងឡើង។ ជម្លោះបង្ហូរឈាមនៅអ៊ុយក្រែន និងតំបន់ Gaza Strip ទំនងជានៅតែបន្តកើតឡើងនៅថ្ងៃខាងមុខ។
ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ក្នុងឆ្នាំ២០២៤ នឹងទាក់ទាញការចាប់អារម្មណ៍ខ្លាំង ប៉ុន្តែការបោះឆ្នោតនៅកោះតៃវ៉ាន់ ក្នុងខែមករា ដើមឆ្នាំ២០២៤ នឹងក្លាយជាចំណុចក្ដៅបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យធំបំផុតក្នុងពិភពលោកក៏នឹងឈានទៅបោះឆ្នោតផងដែរនៅខែមិថុនា ក្នុងឆ្នាំ២០២៤៕