ខណៈដែលឆ្នាំ ២០២៤ ឆ្នាំនៃក្តីសង្ឃឹមសេរីភាពថ្មីកំពុងខិតជិតមកដល់ ទិដ្ឋភាពអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិក កំពុងវិវឌ្ឍដោយរំលេចចេញនូវទិដ្ឋភាពទីផ្សារថ្មីៗមួយចំនួន ដែលទាមទារយុទ្ធសាស្ត្រវិនិយោគថ្មី និងភាពរវៀសរវៃ។ វិនិយោគិនត្រូវផ្តោតយុទ្ធសាស្ត្រលើភាពធន់ ដោយសារទីផ្សារមានលក្ខណៈស្មុគស្មាញជាងមុន ប៉ុន្តែក៏នៅមានឱកាសច្រើនជាងមុនផងដែរ នេះបើយោងតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅ Asian Investor ដែលបានផ្តល់បទវិភាគរួមគ្នា កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣។
ទិដ្ឋភាពថ្មីនៃទីផ្សារអចលនទ្រព្យ២០២៤៖
បញ្ហានានានៅក្នុងទីផ្សារ កំពុងវិវឌ្ឍដល់ដំណាក់កាលមួយដែលមានការវាយតម្លៃច្បាស់លាស់ជាងមុន និងកំពុងមានដំណោះស្រាយ ហើយមនោសញ្ចេតនាទីផ្សារ ពោលគឺអារម្មណ៍របស់អ្នកលក់ និងអ្នកទិញកំពុងប្រសើរឡើង ព្រោះហាក់ស៊ាំនឹងស្ថានភាពជាប់ទ្រឹង និងមានបទពិសោធន៍លើទីផ្សារមួយនេះជាងមុន ដែលនេះជាការនាំទៅរកការផ្លាស់ប្តូរនៃសន្ទុះនៅក្នុងទីផ្សារមូលធនទាំងមូលតែម្តង។
លោក Michael O’Brien នៃក្រុមហ៊ុន QIC Real Estate សង្កត់ធ្ងន់ថា “វិនិយោគិនដែលជោគជ័យនឹងក្លាយជាអ្នកដែលចេះត្រងយកឱកាសនិងទាត់ចោលរាល់ការរំខាន ស្គាល់និន្នាការទីផ្សារ និងចេះធ្វើការសម្រេចចិត្តប្រកបដោយការថ្លឹងថ្លែងច្បាស់លាស់ពីហានិភ័យទល់នឹងឱកាស “។ លោកបញ្ជាក់ច្បាស់ថា ការជោគជ័យក្នុងសម័យនេះ តម្រូវឱ្យមានភ្នែករវៀសរវៃ និងស្ទាត់ជំនាញក្នុងសម្របខ្លួនតាមបរិបទថ្មីមួយនេះ។
លោកស្រី Louise Kavanagh, CIO នៃ Nuveen, ព្រមានអំពីការកើនឡើងនៃការចំណាយហិរញ្ញប្បទានទោះបីជាមានការកាត់បន្ថយអត្រាការប្រាក់ដោយព្យាករណ៍ ពីការត្រលប់មកវិញតិចតួចនៃចំណង់វិនិយោគក្នុងឆ្នាំ ២០២៤។ លោកស្រីថា ថ្វីត្បិតតែអារម្មណ៍ក្នុងទីផ្សារមានភាព ប្រសើរឡើងវិញ ប៉ុន្តែនឹងនៅតែបន្តដោយភាពមិនច្បាស់លាស់ជាប់រហូត។ លោកស្រី Kavanagh ព្រមានទៀតថា “ទោះបីជាមានការកាត់បន្ថយអត្រាការប្រាក់ក៏ដោយ ការចំណាយលើផ្នែកហិរញ្ញប្បទានត្រូវបានរំពឹងថានឹងបន្តកើនឡើងនៅកម្រិតខ្ពស់ក្នុងរយៈពេលមួយទសវត្សរ៍ទៀត ដែលនេះជាកត្តាជំរុញឱ្យមានការហក់ឡើងចុះនៃតម្លៃអចលនទ្រព្យក្នុងទីផ្សារ ជាបន្តបន្ទាប់ “។
វិធីដោះស្រាយចំពោះហានិភ័យ៖
លោក James Kemp អ្នកជំនាញមកពីក្រុមហ៊ុន Macquarie Asset Management គូសបញ្ជាក់ពីហានិភ័យដែលអាចកើតមាននៅក្នុងការកំណត់ពេលវេលាគោលនយោបាយរូបិយវត្ថុ។ លោក Kemp ព្រមានថា “ហានិភ័យម៉ាក្រូដ៏ធំ ដែលនឹងកើតឡើងនោះគឺថា ការកំណត់ពេលវេលាគោលនយោបាយរូបិយវត្ថុ នឹងត្រូវលែងមានប្រសិទ្ធភាព ដែលនឹងបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើនសកល និងក្នុងតំបន់ ដែលនឹងប៉ះពាល់ដល់ប្រាក់ចំណូលប្រតិបត្តិការសុទ្ធ។”
ក្របខណ្ឌបរិស្ថានសង្គមនិងអភិបាលកិច្ច (ESG) ក្នុងតំបន់៖
លោកស្រី Amélie Delaunay អ្នកជំនាញដ៏ល្បីមកពីស្ថាប័ន ANREV គូសបញ្ជាក់អំពីការកើនឡើងនូវសារៈសំខាន់នៃក្របខណ្ឌបរិស្ថានសង្គមនិងអភិបាលកិច្ច (ESG) នឹងមានចលនាខ្លាំងនៅក្នុងសកម្មភាពសេដ្ឋកិច្ច ដោយសារកត្តាហានិភ័យអាកាសធាតុនឹងបន្ថែមភាពស្មុគស្មាញដល់ការសម្រេចចិត្តវិនិយោគ។
“ហានិភ័យអាកាសធាតុ នឹងមានសក្តានុពលប៉ះពាល់ខ្លាំងដល់តម្លៃអចលនទ្រព្យ និងតម្លៃធានារ៉ាប់រង ដោយបន្ថែមស្រទាប់នៃភាពស្មុគស្មាញដល់ការសម្រេចចិត្តវិនិយោគ” នេះជាការលើកឡើងរបស់លោកស្រី Delaunay។
ឱកាសក្នុងឆ្នាំ ២០២៤៖
ដោយឡែក លោក Cuong Nguyen ប្រធានផ្នែកស្រាវជ្រាវការវិនិយោគអាស៊ីប៉ាស៊ីហ្វិកនៅ PGIM Real Estate មើលឃើញពីឱកាសច្រើនក្នុងវិស័យភស្តុភារ ការិយាល័យ ផ្ទះជួល និងមជ្ឈមណ្ឌលទិន្នន័យ។
លោក Nguyen មានប្រសាសន៍ថា៖ “ឱកាសនឹងនៅតែមានលក្ខណៈទូលំទូលាយ រាប់ចាប់ពីទីផ្សារលំនៅឋានចាស់ៗក្នុងប្រទេសជប៉ុន ដល់ការរស់នៅរួមគ្នាក្នុងទីក្រុងហុងកុង និងសិង្ហបុរី និងវិស័យសាងសង់សម្រាប់ជួលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប្រទេសអូស្ត្រាលី។”
ទោះបីជាមានការធ្លាក់ចុះនៃសេដ្ឋកិច្ចក៏ដោយ វិស័យភស្តុភារនៅតែមានភាពធន់ ដែលត្រូវបានជំរុញដោយរចនាសម្ព័ន្ធនៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។
វិធីចាប់ឱកាសទីផ្សារអចលនទ្រព្យអនាគតនៅក្នុងភាពមិនប្រាកដប្រជា៖
ទោះបីជាមានការរំពឹងទុកថាទីផ្សារនៅក្នុងប្រទេសអូស្ត្រាលី និងកូរ៉េខាងត្បូងនឹងមានភាពធន់ប្រសើរលើសប្រទេសផ្សេងៗក៏ដោយ ប៉ុន្តែអ្នកជំនាញបានណែនាំឱ្យមានការប្រុងប្រយ័ត្នសម្រាប់ការវិនិយោគក្នុងប្រទេសជប៉ុន ដោយសារនៅទីនោះមានការកើនឡើងសក្តានុពលនៃតម្លៃបំណុលអចលនទ្រព្យ។
លោកស្រី Regina Lim អ្នកជំនាញប្រចំានៅ M&G Real Estate សង្កត់ធ្ងន់លើហានិភ័យនិងឱកាសពីការងើបឡើងវិញនៃប្រទេសចិន និងផលប៉ះពាល់របស់វាសម្រាប់សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។ លោកស្រី Lim បានសន្និដ្ឋានថា “ខណៈពេលដែលភាពតានតឹងនៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិករហូតមកដល់ពេលនេះនៅតែស្ថិតក្នុងស្ថានភាពលំបាក ប៉ុន្តែវាគ្រាន់តែត្រូវការពេលវេលាបន្តិចប៉ុណ្ណោះ នៅពេលពេលវេលាមកដល់យើងនឹងឃើញមានការ លក់ដោយបង្ខំក្នុងទ្រង់ទ្រាយធំ ជាមួយនឹងការផ្តល់ឥណទានឡើងវិញក្នុងរយៈពេលពីរបីឆ្នាំខាងមុខ”៕