Alynana Media Cambodia
Icon Collap
clinic narit

សមត្ថភាពដឹកជញ្ជូនពិភពលោក ត្រូវបានកាត់បន្ថយ២០% ដោយសារការវាយប្រហារនៅសមុទ្រក្រហម

Media LNN | Dec 25, 2023
សមត្ថភាពដឹកជញ្ជូនពិភពលោក ត្រូវបានកាត់បន្ថយ២០% ដោយសារការវាយប្រហារនៅសមុទ្រក្រហម
Clinic narith

មន្ត្រីជំនាញបានឱ្យដឹងថា ការវាយប្រហារនាវាដឹកជញ្ចូនជាបន្តបន្ទាប់ដោយក្រុមឧទ្ទាមហ៊ូធី (Houthi) ដោយប្រទេសអ៊ីរ៉ង់ នៅសមុទ្រក្រហមអាចកាត់បន្ថយសមត្ថភាពដឹកជញ្ជូនសកលបាន២០% ហើយនេះគឺជាឧបសគ្គថ្មីមួយចំពោះខ្សែច្រវាក់ផ្គត់ផ្គង់ ដែលអាចធ្វើឱ្យសម្ពាធអតិផរណាកើតឡើងជាថ្មីទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។

នាវាកុងតឺន័រយ៉ាងតិច១២១គ្រឿង កំពុងតែជ្រើសរើសយកផ្លូវវាង ដើម្បីគេចពីព្រែកជីកស៊ុយអេ(Suez) និងសមុទ្រក្រហម ដែលក្រុមឧទ្ទាមហ៊ូធី បានបង្កើនការវាយប្រហារដោយយន្តហោះដ្រូន និងកាំជ្រួចមីស៊ីលចាប់តាំងពីការផ្ទុះឡើងនូវសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ នាវាកុងតឺន័រទាំងនេះបានដឹកទំនិញសកលចំនួន៣០% ហើយជារៀងរាល់ឆ្នាំនាវាទាំងនេះបានដឹកជញ្ជូនទំនិញមានតម្លៃសរុបចំនួន១ទ្រីលានដុល្លារ ហើយប្រមាណ១០%នៃបរិមាណទំនិញត្រូវដឹកឆ្លងកាត់ព្រែកជីកស៊ុយអេ។

សារព័ត៌មាននីកេ បានរាយការណ៍ដោយយោងតាមមូលដ្ឋានទិន្នន័យដឹកជញ្ជូនរបស់ក្រុមហ៊ុន London Stock Exchange Group (LSEG) ដោយបានបង្ហាញពីសកម្មភាពថ្មីៗរបស់នាវាតុងតឺន័រធំៗបានចូលចតនៅទីក្រុង New York និងទីក្រុងកំពង់ផែ សាវ៉ាណា (Savanna) នៅក្នុងរដ្ឋ ចចហ្សា(Georgia) របស់សហរដ្ឋអាម៉េរិក ហើយនៅដើមខែនេះនាវាប្រហែល៣០០គ្រឿង បានចូលចតនៅកំពង់ផែទាំង២នេះ ក្នុងនោះនាវាភាគច្រើនបានដឹកទំនិញឆ្ពោះទៅប្រទេសសិង្ហបុរី និងគោលដៅផ្សេងទៀតនៅតំបន់អាស៊ីបូព៌ា ប៉ុន្តែគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា នាវាភាគច្រើនដែលបានប្រើកំពង់ផែនៅទីក្រុងញូវយ៉ក និងសាវ៉ាណានេះ ត្រូវបានគេមើលឃើញធ្វើដំណើរទៅកាន់សមុទ្រមេឌីទែរ៉ាណេ និងសមុទ្រក្រហម ហើយនាវា ដែលទៅតំបន់អាស៊ីបូព៌ាបានប្រើផ្លូវកាត់ដោយឆ្លងកាត់ព្រែកជីកស៊ុយអេ និងសមុទ្រក្រហម។

ក្រុមហ៊ុនដឹកជញ្ជូនស្វីស Kuehne + Nagel បានឱ្យដឹងថា នាវាដឹកជញ្ជូនធំៗដូចជានាវា អេភី ម៉ូល័រ មែក (AP Moller-Maersk) របស់ប្រទេសដាណឺម៉ាក ជាដើមបានសម្រេចចិត្តបញ្ឈប់ការធ្វើនាវាចរណ៍ឆ្លងកាត់សមុទ្រក្រហម ដោយសារបារម្ភពីការវាយប្រហារបស់ក្រុមឧទ្ទាមហ៊ូធី ហើយគិតត្រឹមថ្ងៃពុធ ទី២០ ខែធ្នូ នាវាកុងតឺន័រចំនួន១២១គ្រឿង កំពុងធ្វើដំណើរផ្លូវវាង ដែលប៉ះពាល់ដល់ទូកុងតឺន័រចំនួន១លាន៦សែនទូ។

ក្រុមហ៊ុន គូណេ និងណេហ្គល(Kuehne + Nagel) បាននិយាយថា ការចំណាយពេលកាន់តែយូរនៅលើទឹកត្រូវបានគេរំពឹងថា នឹងកាត់បន្ថយ២០%នៃសមត្ថភាពដឹកជញ្ជូនពិភពលោកដែលអាចនាំឱ្យមានការពន្យារពេលចំពោះធនធានដឹកជញ្ជូន ហើយថា ប្រហែល៤០%នៃនាវាកុងតឺន័រកំពុងជួបប្រទះការពន្យារពេលដឹកជញ្ជូនបែបនេះ។

លោក Chris Rogers នៅក្រុមហ៊ុន S&P Global បាននិយាយថា ថ្លៃដឹកជញ្ជូននៅលើផ្លូវទឹកពីតំបន់អាស៊ីឆ្ពោះទៅតំបន់អឺរ៉ុបទំនងជានឹងកើនឡើងប្រហែល១៥% នៅពេលនាវាកុងតឺន័រត្រូវធ្វើដំណើរផ្លូវវាងព្រែកជីកស៊ុយអេ ហើយវានឹងមានការចំណាយបន្ថែមទៀតសម្រាប់ការធានារ៉ាប់រងផងដែរ៕