(ភ្នំពេញ)៖ វត្តមានផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ បានធ្វើឱ្យខេត្តព្រះសីហនុ ក្លាយទៅជាទីកន្លែងដ៏ទាក់ទាញសម្រាប់ប្រជាពលរដ្ឋទៅរង់ចាំឆ្លងឆ្នាំ និងដើរលេងកម្សាន្តនៅថ្ងៃសម្រាកបុណ្យចូលឆ្នាំសកល គឺថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។
លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអ្នកនាំពាក្យក្រសួង បានប្រាប់នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះថា រយៈពេល៣ថ្ងៃកំលុងពេលបុណ្យចូលឆ្នាំសកលនេះ មានយានយន្តសរុបជាង ៨ម៉ឺនគ្រឿង បានឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ក្នុងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ មានយានយន្តឆ្លងកាត់ ២១,៩០០គ្រឿង, ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានយានយន្តឆ្លងកាត់ចំនួន ២៨,៩០០គ្រឿង និងថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ មានយានយន្តឆ្លងកាត់ចំនួន ៣៣,១០០គ្រឿង។
បើតាមលោក សុទ្ធាយុត្តិ ចំនួនយានយន្តឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៤នេះ មានចំនួនច្រើនជាងឆ្នាំ២០២៣។
ចរាចរណ៍លើផ្លូវល្បឿនលឿនក្នុងឱកាសបុណ្យចូលឆ្នាំសកលនេះ មានការកកស្ទះចរាចរណ៍នៅតាមបញ្ជរបង់ប្រាក់នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញផងដែរ។ ការកកស្ទះនេះ មានកត្តាចំនួនពីរ គឺទី១ ម្ចាស់យានយន្តមិនបានប្រើប្រាស់កាត ETC ដែលជាមធ្យោបាយងាយស្រួលសម្រាប់ឆ្លងកាត់បញ្ជរបង់ប្រាក់ ហើយនៅតែបន្តប្រើជម្រើសបង់លុយនៅនឹងកន្លែង។ កត្តាមួយទៀត ម្ចាស់យានយន្តមួយចំនួនមិនទាន់យល់ពីការប្រើប្រាស់គន្លង ETC និងគន្លងបង់ប្រាក់ធម្មតា។ ម្ចាស់យានយន្តខ្លះមិនមានកាត់ ETC នោះទេ តែបែរជាបើកចូលគន្លង ETC ទៅវិញ។
ពាក់ព័ន្ធវិធីធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿន ក៏ដូចជាការប្រើប្រាស់កាត ETC នេះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ធ្លាប់បានផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ។
លោក សុទ្ធាយុត្តិ បានអំពាវនាវម្ចាស់យានយន្តស្វែងយល់ពីការប្រើប្រាស់កាត់ ETC ឬ ANPR ដែលជាមធ្យោបាយបង់ប្រាក់ជាមុនតាមប្រព័ន្ធបច្ចេកវិទ្យា ជួយសម្រួលឱ្យការធ្វើដំណើរឆ្លងបញ្ជរបង់ប្រាក់បានលឿនរហ័ស និងមិនស្មុគស្មាញ។
ខាងក្រោមនេះ ជាវីធីប្រើប្រាស់គន្លងឆ្លងកាត់បញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ៖
ច្រកចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានបែងចែកជាបីគន្លង ដែលមានដូចខាងក្រោ៖
* គន្លង ETC ជាច្រកអាទិភាព មានរបាំងបើកចេញចូលដោយស្វ័យប្រវត្តិ នៅខាងឆ្វេង បង្អស់ដែលមានសញ្ញា ETC ។ ដើម្បីប្រើប្រាស់លោកអ្នកត្រូវ៖ ចុះឈ្មោះប្រើប្រាស់ បំពាក់ឧបករណ៍ OBU នៅមជ្ឈមណ្ឌល ETC ឬទីតាំងកំណត់ដោយក្រសួង និងបញ្ចូល លុយតាមផ្លាកលេខមុននឹងប្រើប្រាស់។
* គន្លង ANPR ជាច្រកអាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ។ លោកអ្នកគ្រាន់តែបញ្ជូលសមតុល្យតាមផ្លាកលេខជាមុន និងចេញចូលគន្លងដែលមានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះ មិនតម្រូវឱ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ ដោយលោកអ្នកគ្រាន់តែបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។
* គន្លង MTC តម្រូវឱ្យយកកាត និងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរ ណ៍មមាញឹក លោកអ្នកអាចប្រឈមនឹងការរងចាំយូរនៅច្រកចេញ។
ក្រសួងលើកចិត្តឱ្យបងប្អូនចូលរួមប្រើប្រាស់គន្លង ETC និង ANPR ឱ្យបានច្រើន ជាពិសេសការប្រើប្រាស់ទំនើបកម្មបច្ចេកវិទ្យាឌីជីថល ដោយបញ្ចូលទឹកប្រាក់ជាមុនទៅក្នុងផ្លាកលេខយានយន្ត ដើម្បីកាត់បន្ថយការចំណាយពេលទូទាត់សាច់ប្រាក់នៅនឹងបញ្ជរ ដែលជាហេតុនាំឲ្យមានការកកស្ទះ និងការរីករាលដាលនៃជម្ងឺកូវីត-១៩ផងដែរ។
បងប្អូនត្រូវដឹងថារថយន្តរបស់ខ្លួនអាចចូលចេញគន្លងណាបាន អាស្រ័យតាមការណែនាំខាងលើ។ ប៉ុន្តែប្រសិនបើជ្រើសយកការប្រើប្រាស់គន្លង ETC ឬ ANPR សូមបងប្អូនបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមរយៈកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលវាពិតជាជួយសន្សំពេលវេលា និងផ្តល់ភាពងាយស្រួល៕