
(កោះកុង)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ សម្តេចនឹងអញ្ជើញប្រកាស កម្មវិធីជំរុញការវិនិយោគ នៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយចំនួន។
ការប្រកាសឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធស្ពានបេតុង និងសំណេះសំណាល ជាមួយកម្មករ-និយោជិតសរុបជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃទី២៥ ខែមករានេះ ខ្ញុំត្រូវទៅប្រកាសកម្មវិធីថ្មីមួយទៀត ដែលជាកម្មវិធីពិសេស សម្រាប់ខេត្ដព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំង រឿងសំណង់មួយចំនួន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំ ដែលត្រូវជំរុញការវិនិយោគ នៅខេត្ដព្រះសីហនុ ហើយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ នឹងប្រកាសដាក់កម្មវិធីពិសេស សម្រាប់បង្កើត និងជំរុញការវិនិយោគនៅខេត្ដនេះ។
សូមជម្រាបថា ខេត្តព្រះសីហនុ ជាខេត្តប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់របស់កម្ពុជា ដែលបច្ចុប្បន្ន សំណង់អគារខ្ពស់ៗជាច្រើន បានរីកស្គុះស្គាយ មិនចាញ់នៅរាជធានីភ្នំពេញ ប៉ុន្មាននោះទេ។
ប៉ុន្ដែជាមួយនឹងការរីកស្គុះស្គាយ នូវសំណង់អគារខ្ពស់ៗជាច្រើននេះ នៅខេត្តព្រះសីហនុ ក៏មានសំណង់អគារផ្សេងទៀត ដែលត្រូវបានគេបន្សល់ទុកចោល ដោយសារតែម្ចាស់ក្ស័យធន នៅពេលវិបត្តិជំងឺកូវីដ១៩ផងដែរ៕




















































