(ភ្នំពេញ)៖ ជាដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះតម្លៃក្រោមឬ ស្មើ ៧ ម៉ឺនដុល្លារ ក៏ដូចជា ដីធ្លីដែលមិនទាន់ប្រើប្រាស់ មិនបាច់ដេកភ័យរឿងបង់ពន្ធយឺតនោះទេ ខណៈ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសបន្ដការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ រហូតដល់ដំណាច់ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ អគ្គនាយកដ្ឋានពន្ធដារ បានចេញផ្សារកាលពីថ្ងៃ៤ ខែមករា ឆ្នាំ២០២៤។
តាមការបញ្ជាក់របស់ ក្រសួងបានឲ្យដឹងថា ការទទួលបានការលើកលែង និងអនុគ្រោះពន្ធខាងលើនេះ គឺដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យអចលនទ្រព្យលេខ ០០២ សហវ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្នុងខ្លឹមសារដូចខាងក្រោម ៖
- ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានតម្លៃក្រោម ឬស្មើ ឬលើស ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារអាមេរិក តាមតម្លៃទីផ្សារជាក់ស្តែងដែលមានចែងនៅក្នុងកិច្ចសន្យាទិញ-លក់ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ដំណាច់ឆ្នាំ២០២៤ និងមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រានៅក្នុងអំឡុងពេលនេះ។
- ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (បច្ចុប្បន្ននិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ) ឬនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង។ ក្នុងករណីចាំបាច់ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចនឹងធ្វើការត្រួតពិនិត្យ ឡើងវិញ ។
- ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលបានឆ្លៀតឱកាសបន្ថយតម្លៃទិញ-លក់ ខុសពីទីផ្សារជាក់ ស្តែង ធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធដារ។ អ្នកជាប់ពន្ធត្រូវភ្ជាប់មកជាមួយនូវ កិច្ចសន្យាទិញ-លក់ជាក់ស្ដែងរវាងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងអ្នកទិញ(ច្បាប់ដើម) បន្ថែមលើសំណុំឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ។
យ៉ាងណាមិញពាក់ព័ន្ធនឹងពន្ធលើចំណេញមូលធន បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនទាំង ៦ ប្រភេទទ្រព្យរួមមាន អចលនទ្រព្យ, ភតិសន្យា, ទ្រព្យ វិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស រហូតដល់ដំណាច់ឆ្នាំ២០២៤។
ដោយឡែកចំពោះ ពន្ធលើដីធ្លីមិនបានប្រើប្រាស់វិញ ក៏ត្រូវបានព្យូរការអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ ដូចគ្នា ខណៈកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬ អ្នកទទួលប្រយោជន៍ចុងក្រោយ ពុំមានកាតព្វកិច្ចប្រកាសបង់ពន្ធរហូតដល់ដំណាច់ឆ្នាំនេះ។ ហើយការបន្ធូរបន្ថយនូចលក្ខខណ្ឌលើកលែង ពន្ធនេះ សម្រាបើការអនុវត្តចាប់ពីឆ្នាំ២០២៤តទៅ៖
១-ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។
២-ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ ៥ ហិកតា ក្នុងដីមួយកន្លែង។
៣-ចំពោះដីដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូច
- ជីកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់
- ជីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ -ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជូល
- ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល
- ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ, ដីធ្លីរបស់សហគមន៍
- ដីជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាព សេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ
- ជីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម - ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ សម្រាប់គោលដៅបម្រើការងារក្នុងវិស័យដូចបានរៀបរាប់ខាងដើម។ ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិន ត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចពន្ធជាតាមច្បាប់ជាធរមាន៕