(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងការងារអភិវឌ្ឍន៍ជនបទ ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់កម្ពុជា។
ការប្ដេជ្ញានេះធ្វើក្នុងឱកាសលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍អាស៉ី (ADB) ទទួលបន្ទុកតំបន់អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក និងលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
លោករដ្ឋមន្ត្រីបានសម្ដែងការស្វាគមន៍ចំពោះលោក Scott Morris អនុប្រធានធនាគារ ADB និងសហការី ដែលតែងតែបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អ ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិកន្លងទៅ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានជម្រាបជូនភាគីដៃគូអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចខាងក្រោម ៖
១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។
២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។
៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ។
៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។
លោករដ្ឋមន្ត្រីបានលើកឡើងលើកិច្ចការចំពោះមុខដែលត្រូវអនុវត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមខ្លះ ដែលក្រសួងកំពុងជួបប្រទះ ដូចជាការពង្រឹងគុណភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ ការអប់រំឱ្យប្រជាជននៅជនបទប្រកាន់យកឥរិយាបថអនាម័យល្អ ការលើកទឹកចិត្តបង្កើតមុខមុខរបរបង្កើនចំណូលគ្រួសារនៅជនបទជាដើម។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះធនាគារ ADB ដែលកន្លងមកបានផ្តល់ការគាំទ្រលើគម្រោងចំនួន៤ និងកំពុងត្រៀមលក្ខណៈអនុវត្តគម្រោងចំនួន១បន្ថែមទៀត។
ជាការឆ្លើយតប លោក Scott Morris បានធ្វើការវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានប្ដេជ្ញាថានឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។
លោករដ្ឋមន្ត្រី និងលោកអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាចិត្តក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា សំដៅផ្តល់ផលប្រយោជន៍ឱ្យកាន់តែធំធេងថែមទៀតជូនដល់ប្រជាពលរដ្ឋកម្ពុជា៕