Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងកសិកម្ម អំពាវនាវម្ចាស់ចម្ការកៅស៊ូឲ្យប្រុងប្រយ័ត្នខ្ពស់ ខណៈរដូវប្រាំងឈានចូលមកដល់

Media LNN | Jan 19, 2024
ក្រសួងកសិកម្ម អំពាវនាវម្ចាស់ចម្ការកៅស៊ូឲ្យប្រុងប្រយ័ត្នខ្ពស់ ខណៈរដូវប្រាំងឈានចូលមកដល់
Clinic narith

 

អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញដំណឹងមួយ ស្តីពី​វិធាន​ការ​បង្ការអគ្គីភ័យក្នុងចម្ការកៅស៊ូនៅរដូវស្លឹកឈើជ្រុះ និងអំពាវនាវ​ម្ចាស់​ចម្ការ​កៅ​ស៊ូ​ទាំង​អស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ក្នុងការសម្អាតចម្ការឲ្យស្អាតបាត។

ក្នុងសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានកៅស៊ូ បាន​លើកឡើងថា ជាទូទៅ អាកាសធាតុនៅរដូវប្រាំងតែងមានសភាពក្តៅស្ងួតហួតហែង ស្រប​ពេល​ដើម​កៅស៊ូ​ចាប់ផ្ដើមជ្រុះស្លឹក ចន្លោះពីខែមករា រហូតដល់ចុងខែកុម្ភៈ ដែលអាចបង្ក​ជា​គ្រោះ​អគ្គិភ័យ​ជាយ​ថាហេតុនៅក្នុងចម្ការកៅស៊ូ។ ដូច្នេះ ដើម្បីទប់ស្កាត់ និងបង្ការហានិភ័យខាងលើ សូម​ឲ្យ​ម្ចាស់ចម្ការកៅស៊ូទាំងអស់នៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្អាតចម្ការ និង​ធ្វើផ្លូវភ្លើងឱ្យបានត្រឹមត្រូវ តាមការណែនាំ មានដូចជា៖ ១)កាត់ស្មៅ និង​រុក្ខជាតិ​ចង្រៃ​នៅ​ជុំវិ​ញ​ព្រំ​ចម្ការ និង​ចន្លោះរងកៅស៊ូជាប់ផ្លូវធ្វើដំណើរឱ្យបានស្អាត និងស្រឡះល្អ។ ២)ប្រមូលស្មៅរុក្ខជាតិចង្រៃដែលកាត់រួច និងស្លឹកកៅស៊ូដែល​ជ្រុះនៅតាម​ចន្លោះរង​កៅស៊ូដែល​ជាប់​ផ្លូវ​ធ្វើដំណើរ ដោយត្រូវដាក់ជាគំនរៗប្រវែង ២៥ម៉ែត្រ ដាច់ៗពីគ្នាតាមចន្លោះរងកៅស៊ូ។ ៣)ត្រូវដុតមួយគំនរម្តងៗ ដោយចាប់ផ្តើមពីគំនរដែលស្ថិតនៅក្រោមទិសខ្យល់មុនគេ។

ការ​ដុត​ត្រូវ​ធ្វើ​នៅ​ពេល​ព្រឹកព្រលឹម និងបញ្ឈប់យ៉ាងយូរត្រឹមម៉ោង ៩ព្រឹក ដោយត្រូវឃ្លាំមើល​ឱ្យ​បាន​ហ្មត់​ចត់ ដើម្បីចៀសវាងផ្កាភ្លើង ហើរទៅឆេះកន្លែងដទៃទៀត និងត្រូវធានាថាភ្លើងពិតជារលត់អស់ ១០០% ក្រោយពេលឈប់ដុត។ ៤)ហាមដាច់ខាតដុតសម្អាតនៅពេលរសៀល ព្រោះ​អា​ច​បង្ក​ឱ្យ​មានអគ្គិភ័យ​កើតឡើងជាយថាហេតុនៅ វេលាយប់។ និង៥) មិនត្រូវរង់ចាំរហូត​ដល់​ស្លឹក​កៅ​ស៊ូ​ជ្រុះ ​១០០% ទើបប្រមូលដុតនោះទេ ព្រោះវាបង្កើតជាគំនរក្រាស់ បង្កឱ្យភ្លើងឆេះខ្លាំង ពិបាក​គ្រប់គ្រង និង​ប៉ះពាល់ដល់ដើមកៅស៊ូក្នុងចម្ការ។ ការដុតស្លឹកកៅស៊ូធ្វើឡើងជា៣ ដំណាក់​កាល​គឺ៖​ ទី១.ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ៣០% , ទី២. ពេលកៅស៊ូជ្រុះស្លឹកបាន ប្រមាណ​៦០​ភាគរយ និងទី៣ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ ១០០%។

អគ្គនាយកដ្ឋានកៅស៊ូ សង្ឃឹមទៀតថា ម្ចាស់ចម្ការកៅស៊ូទាំងអស់ នឹងចូល​រួម​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​នេះ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕