(ភ្នំពេញ)៖ លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានឱ្យដឹងថា គិតមកទល់ដើមឆ្នាំ២០២៤នេះ ក្រុមហ៊ុនចំនួន២៣ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ប្រមូលទុនបានប្រមាណ ៣៧៩លានដុល្លារអាមេរិក ដើម្បីយកទៅពង្រីកអាជីវកម្ម។
ក្នុងពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ក្រុមហ៊ុន តែលកូថេក (Telcotech Ltd.) នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅផ្សារមូលបត្រកម្ពុជា លោក ហុង សុហួរ បានថ្លែងថា ផ្សារមូលបត្រកម្ពុជានឹងក្លាយជាជម្រើសដ៍ល្អបំផុត ក្នុងការជួយគាំទ្រម្ចាស់អាជីវកម្ម ដែលកំពុងត្រូវការមូលធន ជាពិសេសនៅក្នុងកាលៈទេសៈនេះ ដែលស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន មានសភាពមិនអំណោយផល តាមរយៈការធ្វើពិពិធកម្មមូលធន មិនថាជាការលក់ភាគហ៊ុន ឬកម្ចី ។
លោកលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មទាំងអស់ ចេះប្រើប្រាស់លុយអ្នកដទៃ ដើម្បីពង្រីក និងជំរុញកំណើនសក្ដានុពលអាជីវកម្មប្រកបដោយចីរភាព និងឆ្ពោះទៅកាន់យុគសម័យឌីជីថល។ លើសពីនេះ ផ្សារមូលបត្រកម្ពុជា ក៏នឹងក្លាយជាទីកន្លែងមួយ ដែលផ្តល់នូវជម្រើសឧបករណ៍ហិរញ្ញវត្ថុល្អៗ ដែលនេះនឹងបង្កើតនូវចំណូលអកម្ម និងផ្តល់នូវសេរីភាពហិរញ្ញវត្ថុ ជូនទៅដល់វិនិយោគិនទួទៅផងដែរ។
បើតាមលោក ហុង សុហួរ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃ ជាមធ្យមសម្រាប់ឆ្នាំ២០២៣ ដែលទើបនឹងបានបញ្ចប់ មានប្រមាណ ១៣ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ និងទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃ ជាមធ្យមមានប្រមាណជា ២១ម៉ឺនដុល្លារអាមេរិក។
លោកបានឱ្យដឹងផងដែរថា ចំនួនគណនីជួញដូរមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលមកទល់ពេលនេះ គណនីបានកើនឡើងដល់ ៤៩,០០០ គណនី ក្រោយពីបានសម្ពាធ និងដាក់ឱ្យដំណើរការនូវមុខងារបើកគណនីជួញដូរអនឡាញ ដែលផ្តល់ភាពងាយស្រួល និងរហ័សជូនទៅដល់វិនិយោគិន។
លោកបន្តថា «លទ្ធផលដ៏គាប់ប្រសើរនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស មានការគាំទ្រខ្លាំងពីនិយ័តករមូលបត្រកម្ពុជា ដូច្នេះសម្រាប់ឆ្នាំ២០២៤នេះ យើងកំណត់គោលដៅ ១០ម៉ឺនគណនីជួញដូរ គឺជាគោលដៅមួយដែលអាចនឹងសម្រេចបាន ហើយយើងក៍បានដាក់នូវមហិច្ឆិតាធំមួយទៀត គឺទទួលបានទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម ១០០លានដុល្លារអាមេរិកត្រឹមឆ្នាំ២០៣០ ផងដែរ»។
លោកបន្ថែមទៀតថា ឆ្នាំ២០២៤នេះ នឹងក្លាយជាជាឆ្នាំពិសេសមួយ ដោយ CSX នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្នុងការនាំយកនូវឧបករណ៍ហិរញ្ញវត្ថុថ្មីៗដែលគាំទ្រ និងជំរុញដល់ការចុះបញ្ជីរបស់ក្រុមហ៊ុនសក្ដានុពល និងការអភិវឌ្ឍទៅលើវិធីសាស្ត្រថ្មីៗ លើមុខងារជួញដូរ ដើម្បីទាក់ទាញនូវវិនិយោគិនថ្មីៗ ក៏ដូចជាបំពេញនូវចំណង់របស់វិនិយោគិនចាស់ៗផងដែរ ខណៈនៅដើមសប្តាហ៍នេះ CSX ទើបតែសម្ពាធ និងដាក់ឱ្យដំណើរការនូវមុខងារទូទាត់ នូវប្រតិបត្តិការជួញដូរជាប្រាក់ដុល្លារ (USD Settlement) ដើម្បីជួយកាត់បន្ថយនូវហានិភ័យអត្រាប្តូរប្រាក់ ក៏ដូចជាជួយសម្រួលដល់វិនិយោគិនដែលមានគណនីសាច់ប្រាក់ជាដុល្លារ។
សូមជម្រាបថា គិតមកត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជី និងប្រមូលទុនពីសាធារណជន តាមរយៈផ្សារមូលបត្រកម្ពុជា រួមមានចំនួន២៣ ដែលក្នុងនោះក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និង ១២ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម៕