ប្រទេសវៀតណាម គឺជាទីផ្សារនាំចេញផលិតផលកសិកម្ម ជាពិសេសស្រូវ ដ៏សំខាន់មួយរបស់កម្ពុជា ដោយក្នុងមួយឆ្នាំៗកម្ពុជាបាននាំចេញស្រូវក្នុងបរិមាណដ៏ច្រើនទៅកាន់ប្រទេសជាប់ព្រំប្រទល់កម្ពុជាមួយនេះ។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣ កន្លងមក កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាមរហូតជាង៤លានតោន គិតជាទំហំទឹកប្រាក់សរុបជាង១ពាន់៣រយលានដុល្លារអាម៉េរិក។
ទន្ទឹមនឹងវៀតណាមជាទីផ្សារដ៏ធំសម្រាប់ការនាំចេញស្រូវរបស់កម្ពុជា ហេតុអ្វីបានជាការសម្រុកប្រមូលទិញស្រូវកម្ពុជាពីឈ្មួញវៀតណាម អាចធ្វើឲ្យប៉ះពាល់ដល់វិស័យស្រូវ-អង្កររបស់កម្ពុជា និងក្លាយជាបញ្ហាប្រឈមសម្រាប់វិស័យនេះទៅវិញ?
នៅរដូវប្រមូលផលស្រូវប្រាំង និងវស្សាជារៀងរាល់រាល់ឆ្នាំ យើងតែងសង្កេតឃើញឈ្មួញវៀតណាម ជាច្រើនបានសម្រុកនាំគ្នាចូលមកទិញស្រូវពីកសិករកម្ពុជា ដើម្បីនាំចូលទៅកាន់ប្រទេសរបស់ខ្លួន សម្រាប់កែច្នៃជាយកទៅលក់បន្ត។ តើការសម្រុកទិញស្រូវកម្ពុជាពីសំណាក់ឈ្មួញវៀតណាម វារឿងវិជ្ជមាន ឬអវិជ្ជមានសម្រាប់វិស័យស្រូវអង្ករកម្ពុជា។
ពាក់ព័ន្ធបញ្ហានេះឯកឧត្តម យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម និងជារដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កត់សម្គាល់ឃើញថា វិស័យស្រូវ-អង្កររបស់កម្ពុជា នៅដើមឆ្នាំ២០២៤នេះ នៅតែរក្សាបានសញ្ញាវិជ្ជមាន បើទោះជាវិស័យនេះបានជួបបញ្ហាប្រឈមខ្លះៗ ក៏ពិតមែន។ ជាក់ស្ដែង តម្លៃស្រូវនៅដើមឆ្នាំនេះ អាចលក់បានក្នុងតម្លៃចន្លោះពី១.៣៣០រៀល ទៅ១.៤០០រៀលក្នុងមួយគីឡូក្រាម ទៅតាមប្រភេទស្រូវ ខណៈកាលពីអំឡុងដើមឆ្នាំ២០២៣ តម្លៃស្រូវអាចលក់បានចន្លោះពី ១.០១០រៀល ទៅ១.១៨០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ទន្ទឹមនឹងតម្លៃស្រូវនៅដើមឆ្នាំនេះមានភាពល្អប្រសើរ អ្នកជំនាញរូបនេះ អះអាងថា វិស័យស្រូវអង្ករកម្ពុជានៅតែបន្តជួបនូវបញ្ហាប្រឈមមួយចំនួន ខណៈបច្ចុប្បន្នក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធកំពុងរកវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហានេះ។
បើតាមឯកឧត្តម យ៉ង សាំងកុមារ បញ្ហាប្រឈមដែលវិស័យស្រូវ-អង្ករ កំពុងជួបប្រទះរួមមាន បញ្ហាខ្វះខាតទឹកសម្រាប់កសិករធ្វើស្រែរដូវប្រាំង និងការសម្រុកទិញស្រូវពីឈ្មួញវៀតណាមជាដើម។ សម្រាប់អ្នកជំនាញរូបនេះ បើទោះជាការប្រមូលទិញស្រូវច្រើនពីឈ្មួញវៀតណាមជួយបង្កើនតម្លៃស្រូវនៅកម្ពុជាក៏ពិតមែន តែវាអាចធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកប្រឈមនឹងខ្វះខាតស្រូវសម្រាប់កិនជាអង្ករ ដើម្បីនាំចេញ។
ដោយឡែក លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយកត់សម្គាល់ឃើញថា ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣មក វៀតណាមបានទិញស្រូវពីប្រទេសកម្ពុជាច្រើន ដោយឱ្យថ្លៃខ្ពស់ រហូតធ្វើឱ្យបណ្ដាម៉ាស៊ីនកិនស្រូវនៅកម្ពុជាខ្វះលទ្ធភាពប្រកួតប្រជែងនៅក្នុងការប្រមូលទិញស្រូវ។ ការនេះនាំឱ្យម៉ាស៊ីនកិនស្រូវមួយចំនួនខ្វះលទ្ធភាពផ្គត់ផ្គង់អង្ករទៅក្រៅប្រទេសតាមកិច្ចសន្យា ហើយក៏មានការបារម្ភថា កម្ពុជាអាចខ្វះស្តុកស្រូវសម្រាប់បំពេញតម្រូវការនាំអង្ករចេញនៅឆ្នាំ២០២៤ផងដែរ។ ប៉ុន្តែបើទោះជាបែបនេះក្ដីអ្នកជំនាញរូបនេះយល់ឃើញថា វិស័យស្រូវ-អង្ករនៅកម្ពុជា នៅតែមានភាពល្អប្រសើរ ព្រោះជាទូទៅការផលិតស្រូវនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នអាចធ្វើបានច្រើនដង ក្នុងមួយឆ្នាំៗ ព្រោះនៅតំបន់មួយចំនួនមានប្រព័ន្ធប្រឡាយស្រោចស្រពគ្រប់គ្រាន់។
សម្រាប់អ្នកជំនាញរូបនេះ ការអស់ស្ដុកស្រូវ ដែលបណ្ដាលពីឈ្មួញវៀតណាម ប្រមូលទិញមិនចោទជាបញ្ហាធំនោះទេ តែបញ្ហាប្រឈមធំសម្រាប់វិស័យស្រូវ-អង្ករនៅឆ្នាំនេះ គឺបញ្ហាគ្រោះរាំងស្ងួត ដែលអាចនឹងប៉ះពាល់ដល់ផលិតកម្មស្រូវនៅតំបន់មួយចំនួន។ យ៉ាងណាមិញលោកវាយតម្លៃថា ទីផ្សារស្រូវអង្ករកម្ពុជាទំនងជាបន្តមានភាពល្អប្រសើរនៅឆ្នាំនេះ ដែលអាចជួយបង្កើនចំណូលដល់កសិករផលិតស្រូវបន្ថែមទៀត។ ប៉ុន្តែការកើនឡើងតម្លៃស្រូវដោយសារការសម្រុកទិញពីឈ្មួញវៀតណាម ក៏អាចធ្វើឱ្យប៉ះពាល់ខ្លះដែរ ដល់ពលរដ្ឋមានជីវភាពខ្សត់ខ្សោយ និងអ្នកទិញអង្ករបរិភោគ។
សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករជាង៦៥៦ពាន់តោនទៅកាន់ទីផ្សារអន្តរជាតិ គិតជាទឹកប្រាក់ប្រមាណ៤៦៦លានដុល្លារ កើនឡើងប្រមាណ៣% បើធៀបនឹងឆ្នាំ២០២២។ ដោយឡែក ការនាំចេញស្រូវរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៣ វិញសម្រេចបានបរិមាណជាង៤លានតោន កើនឡើងជាង២៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលគិតជាទឹកប្រាក់សរុបជាង១ពាន់៣រយលានដុល្លារ។ នេះបើយោងតាមទិន្នន័យដែលបង្ហាញដោយសហព័ន្ធស្រូវ-អង្ករកម្ពុជា៕