Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងសង្គមកិច្ច ដាក់ឱ្យអនុវត្តកិច្ចអន្តរាគមន៍ជំនួយសង្គមចំនួន ៥ ក្នុងដំណាក់កាល​កើតមាន​វិបត្តិផ្សេងៗ

Media LNN | Feb 05, 2024
ក្រសួងសង្គមកិច្ច ដាក់ឱ្យអនុវត្តកិច្ចអន្តរាគមន៍ជំនួយសង្គមចំនួន ៥ ក្នុងដំណាក់កាល​កើតមាន​វិបត្តិផ្សេងៗ
Clinic narith

 

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​​កម្មវិធីជំនួយសង្គមនានា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ចាប់ពីវិបត្តិកូវីដ-១៩ ក្រសួង​សង្គម​កិច្ច បានអនុវត្តកិច្ចអន្តរាគមន៍ជំនួយសង្គមធំៗចំនួន ៥ ។ នេះបើតាមឯកឧត្តម ជា សុមេធី រដ្ឋ​មន្ត្រីក្រសួងសង្គមកិច្ច ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣។

ក្នុងឱកាសសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ របស់ក្រសួងសង្គមកិច្ច នៅថ្ងៃនេះ ឯក​ឧត្តម ជា សុមេធី ក្នុងនាមជារដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រសួង​បាន​ធ្វើ​អន្ត​រាគមន៍ដាក់ចេញកម្មវិធីជំនួយសង្គមចំនួន ៥ ជួយដល់ប្រជាពលរដ្ឋ។ កម្មវិធីទាំងនោះ មាន​ទាំង​កម្មវិធីមានលក្ខណៈអចិន្ត្រៃយ៍ និងកម្មវិធីមានលក្ខណៈមិនអចិន្ត្រៃយ៍។

ក្នុងនោះកម្មវិធីជំនួយសង្គមដំបូង គឺកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ដោយបានផ្តល់សេវាជូនអ្នក ទទួលផលសរុបចំនួនជាង ៣៦ ម៉ឺននាក់ ចំណាយ​ថវិកា​អស់ ៣២លានដុល្លារ។ កម្មវិធីនេះ ជាកម្មវិធីអចិន្ត្រៃយ៍។ កម្មវីធីបន្ទាប់ គឺការឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ជា​កម្មវិធី​នេះ​ក៏​ជា​កម្ម​វិធី​ដ៏ធំជាប្រវត្តិសាស្ត្រ សម្រាប់កម្ពុជា ដោយជួយ​ដល់​គ្រួសារ​មាន​បណ្ណ​ក្រីក្រ​ទូទាំង​ប្រទេស​។ កម្មវិធីនេះបានអនុវត្តតាំងពី ខែមិថុនា ឆ្នាំ ២០២០ ដោយរដ្ឋបានជួយដល់គ្រួសារក្រីក្រ ក្នុង​វង្វង់ ៧១ម៉ឺនគ្រួសារ និងចំណាយថវិកាអស់ប្រមាណ ជាង ១៣០៦ លាន ដុល្លារ គិតត្រឹមថ្ងៃទី ខែមករា ឆ្នាំ២០២៤។

ឈានចូលដល់ពេលបិទខ្ទប់ ទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ កម្មវិធី​ជំនួយ​សង្គម​ជា​សាច់​ប្រាក់​ក្រោយ​ពេលបិទខ្ចប់ ក៏បានដាក់ឱ្យអនុវត្តផងដែរ។ កម្មវិធីនេះ សម្រាប់ប្រជាពលរដ្ឋ​មាន​ការ​លំបាក​ផ្នែក​ជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមាន​ការ​លំបាក​ផ្នែក​ជីវភាព, និង គ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។ កម្មវិធីនេះ រដ្ឋចំណាយថវិកាចំនួន ៦,៦៨ លាន ដុល្លារ។

កម្មវិធីជំនួយសង្គមទី ៤ គឺជាការជួយដល់ គ្រួសាររងហានិភ័យ ដែលរងផ​ល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ពី​គ្រោះ​ទឹក​ជំនន់ ដែលបានអនុវត្តនៅ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ហើយបិទបញ្ចប់នៅថ្ងៃទី១០ ខែ​មីនា ឆ្នាំ២០២៣។ កម្មវិធីនេះ មានអ្នកទទួលផលសរុបចំនួន ៩៩ ១៦៩ គ្រួសារ ដោយ​ចំណាយ​ថវិកា​សរុប ១១,៧០ លានដុល្លារ។

ចំណែកកម្មវិធីជំនួយសង្គមទី ៥ គឺការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុង ពេល​មាន​សម្ពាធអតិផរណា។ កម្មវិធីនេះ បានចាប់ផ្ដើមអនុវត្តនៅ ខែធ្នូ ឆ្នាំ២០២២ និង​បញ្ចប់​នៅ​ខែ​កក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលសរុប ចំនួន ៤៩៥ ៣០៧ គ្រួសារ ដោយ​ចំណាយ​ថវិកា​អស់ចំនួន ៤៤ លានដុល្លារ៕