ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន កំពុងជួបបញ្ហាដោយសារតែអំណាចលក់ធ្លាក់ចុះទ្វេដង ស្របពេលចំនួនប្រជាជនមាននិន្នាការថយចុះ ជាហេតុនំាឱ្យគេលើកឡើងថា ចិនអាចសាងសង់លំនៅដ្ឋានលើសចំណុះពលរដ្ឋដល់ទៅ១៥០លាននាក់ឯណោះ។ ដើម្បីដោះស្រាយបញ្ហានេះ ចិនអាចនឹងត្រូវចំណាយពេលរហូតដល់ទៅ៥ឆ្នាំ ដើម្បីដោះស្រាយបញ្ហាដែលកើតចេញពីបញ្ហាសាងសង់លើសតម្រូវការ។
មហាយក្សចិននៅពេលនេះកំពុងជួបប្រទះនឹងបញ្ហាការលក់លំនៅឋានថយចុះ ស្របពេលចំនួនប្រជាពលរដ្ឋនៅក្នុងប្រទេសកំពុងមាននិន្នាការថយចុះ ហើយប្រទេសកំពុងតែស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចដែលពលរដ្ឋមានការប្រុងប្រយ័ត្ន និងរឹតត្បិតនៅក្នុងការចំណាយ។ ផ្អែកតាមស្ថានភាពដ៏អវិជ្ជមាននេះ អ្នកវិភាគមួយចំនួនបានលើកឡើងថា ចិនអាចត្រូវចំណាយពេលលើសពី៥ឆ្នាំ ដើម្បីដោះស្រាយបញ្ហាវិបត្តិនៃការសាងសង់លំនៅឋានលើសតម្រូវការនេះ។
បុគ្គលិកផ្នែកលក់នៅក្រុមហ៊ុន Country Garden Holdings នៅទីក្រុង ណាន់ជុង ( Nanchong) ក្នុងខេត្តស៊ីឈួន ( Sichuan) បាននិយាយថា តម្លៃលំនៅស្ថានដែលមានទំហំត្រឹមតែ១១០ ម៉ែត្រការ៉េនៅទីក្រុងនេះបានធ្លាក់ចុះមកនៅត្រឹមប្រមាណ៨ម៉ឺន៦ពាន់ដុល្លារប៉ុណ្ណោះ ពោលគឺថយចុះដល់ទៅជាង២២%ឯណោះ។ ដោយឡែកតម្លៃលំនៅឋាននៅទីក្រុង សេនយ៉ាង (Shenyang) ខេត្តលាវនិញ (Liaoning) ឥឡូវនេះធ្លាក់មកនៅត្រឹមតែ១ពាន់២រយដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ធ្លាក់ជាង៤០០ដុល្លារ។
តាមសិ្ថតិដែលអ្នកនៅក្នុងពិភពអចលនទ្រព្យនៅចិនបានកត់ត្រាកាលពីឆ្នាំ២០២៣ កន្លងទៅ លំនៅស្ថានសរុបនៅក្នុងប្រទេសចិន អាចមានទំហំរហូតដល់ទៅ៥ពាន់លានម៉ែត្រការ៉េ ដែលប្រហាក់ប្រហែលនឹង៥០លានលំនៅឋាន សម្រាប់មនុស្សប្រមាណជា១៥០លាននាក់។ បរិមាណនៃសំណង់លំនៅឋានដែលនៅសល់ក្នុងបញ្ជីសារពើរភណ្ឌគឺនៅសល់ច្រើនណាស់។
លោក កេណេត រ៉ូហ្គូស ( Kenneth Rogoff ) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Harvard បានលើកឡើងថា កាលពីឆ្នាំ២០២០ ប្រទេសចិនមានប្រជាជនមានវ័យ៣០ឆ្នាំ ដែលជាវ័យត្រូវការផ្ទះជាង២២០លាននាក់ ប៉ុន្តែចំនួននេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះក្រោម១៦០លាននាក់ក្នុងឆ្នាំ២០៣៥។ លោកបានព្យាករថា ផ្អែកតាមស្ថិតិនេះចំនួនលំនៅឋាននៅតាមទីក្រុងក្នុងប្រទេសចិនបានចាប់ផ្តើមបន្តធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ៣% រហូតដល់ឆ្នាំ២០៣៥៕