វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចជាតិនិងគ្រួសារ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់លើវិស័យនេះ តាមរយៈការបង្កើតឱ្យមានមន្ត្រីកសិកម្មតាមខេត្ត ដើម្បីជួយដោះស្រាយបញ្ហារបស់ប្រជាកសិករ។ បន្ថែមពីនេះរាជរដ្ឋាភិបាលក៏បានគិតគូរកញ្ចប់ថវិការលើកស្ទួយក្នុងវិស័យនេះថែមទៀតផងដែរ។
ជាក់ស្តែង កាលពីថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបើកកិច្ចប្រជុំមួយលើការរៀបចំគោលការណ៍ហិរញ្ញប្បទានពិសេសក្រោមកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាម៉េរិក ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ។
ចំពោះហិរញ្ញប្បទាននេះ គឺជាវិធានការអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ជាទុនបង្វិលដល់អតិថិជនគោលដៅដូចជា វិស័យស្រូវ-អង្ករ ហិរញ្ញប្បទានពិសេសនេះក្នុងគោលដៅផ្តល់ជូន រោងម៉ាស៊ីនកិនស្រូវ-ក្រុមហ៊ុននាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវ ដើម្បីរក្សាលំនឹង និងសិ្ថរភាពថ្លៃ សំដៅបង្កើនបរិមាណសន្និធិផ្តត់ផ្គង់ដល់ការកែច្នៃប្រើប្រាស់ក្នុងស្រុក សន្តិសុខស្បៀង និងការនាំចេញ៕