Alynana Media Cambodia
Icon Collap
clinic narit

ការវាយប្រហារដោយយានដ្រូនរបស់អាមេរិកនៅអ៊ីរ៉ាក់ សម្លាប់មេដឹកនាំកងជីវពលជាន់ខ្ពស់​ដែលជាប់ពាក់ព័ន្ធការវាយប្រហារលើទាហានអាមេរិក

Media LNN | Feb 08, 2024
ការវាយប្រហារដោយយានដ្រូនរបស់អាមេរិកនៅអ៊ីរ៉ាក់ សម្លាប់មេដឹកនាំកងជីវពលជាន់ខ្ពស់​ដែលជាប់ពាក់ព័ន្ធការវាយប្រហារលើទាហានអាមេរិក
Clinic narith

 

យោធាអាមេរិកបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះ ការវាយប្រហារដោយយានដ្រូន​របស់​អាមេរិក​បាន​បំផ្ទុះរថយន្ត នៅក្នុងរដ្ឋធានី​បាកដាដ(Baghdad) របស់ប្រទេសអ៊ីរ៉ាក់ កាលពីយប់​ថ្ងៃពុធ ទី៧ ខែកុម្ភៈ ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់កងជីវពល កាថេបហេសបូឡា​(Kataib Hezbollah)ដ៏មានឥទ្ធិពលដែលទទួលខុសត្រូវចំពោះការរៀបចំផែនការដោយផ្ទាល់ និង​ចូលរួមក្នុងការវាយប្រហារលើ កងទ័ពអាមេរិកនៅក្នុងតំបន់។  

ការបំផ្ទុះ​ដ៏​ជាក់លាក់បានវាយប្រហារផ្លូវថ្នល់ដ៏សំខាន់មួយ នៅក្នុងសង្កាត់ម៉ាស្តាល (Mashtal) ភាគខាង​កើត​រដ្ឋធានីបាកដាដ។ ការវាយប្រហារនេះបានកើតឡើងស្របពេលមានភាពតានតឹង នៅក្នុងតំបន់ ហើយទំនងជានឹងមានការ​ខឹង​សម្បារ​កាន់​តែខ្លាំងថែម​ទៀត​ពី​មេដឹកនាំ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដែលក្រុមមន្ត្រីអាមេរិកបាននិយាយថា មិន​ត្រូវ​បាន​ជូនដំណឹងជា​មុន​អំពី​ការ​វាយប្រហារ​នេះ​។

កងកម្លាំងសន្តិសុខបានបិទតំបន់ Green Zone ដែលមានការយាមកាមយ៉ាងតឹងរ៉ឹង ជាកន្លែង​ដែល​បរិវេណការទូតជាច្រើនស្ថិតនៅ ហើយមានការព្រួយបារម្ភអំពីការបង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ដែលជំរុញឱ្យក្រុមបាតុករវាយលុកចូលស្ថានទូតអាមេរិក។

មាន​របាយការណ៍ផ្ទុយគ្នាអំពីចំនួនអ្នកស្លាប់ ដោយមន្ត្រីអាមេរិកបាននិយាយថា ការវាយតម្លៃ​ដំបូង​គឺ​មានម្នាក់ ហើយនិយាយថា មិនមានជនស៊ីវិលណាម្នាក់រងរបួស ឬស្លាប់នោះទេ។ ប៉ុន្តែ​មន្ត្រី​ពីរនាក់ជាមួយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់បាននិយាយថា មនុស្ស​បី​នាក់​បានស្លាប់ រួមទាំងលោក វីសាមមហាម៉ាត់ចាប៊អាល់សាឌី (Wissam Muhammad Sabir Al-Saadi) ដែលត្រូវបានគេស្គាល់ថា អាប៊ូ បាគើ អាល់ សាឌី (Abu Baqir Al-Saadi) ដែល​ជា​មេ​បញ្ជាការទទួលបន្ទុកប្រតិបត្តិការរបស់ក្រុម កាថេប ហេបូសឡា(Kataib Hezbollah)​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ក្រុមចលនាប្រដាប់អាវុធកាថេបហេសបូឡា បានប្រកាសពីការស្លាប់របស់ លោក​អាប៊ូបាក​(Abu Bakr)បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់កងកម្លាំងកាន់កាប់របស់អាមេរិក នៅក្នុង​សេចក្តី​ថ្លែងការណ៍មួយ៕