(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល២០ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយត្រូវបន្ដជ្រោងឲ្យកាន់តែខ្ពស់នូវ «ស្មារតីកែទម្រង់»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ជាការពិតសមិទ្ធផលទាំងឡាយនៃការកែទម្រង់នេះ មិនមែនទទួលបានមកដោយងាយស្រួលនោះទេ។ ជាសត្យានុម័ត ទាំងក្នុងអតីតកាល ទាំងក្នុងបច្ចុប្បន្នកាល និងតទៅអនាគតកាល គ្មានកិច្ចការកែទម្រង់ណាមួយដែលងាយស្រួលនោះទេ ហើយក៏មិនមានសមិទ្ធផលណាមួយ នៃកិច្ចការកែទម្រង់ ដែលអាចសម្រេចបានមកដោយគ្មានការបង់ថ្លៃនោះដែរ។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចំណុចចុងក្រោយដែលខ្ញុំចង់លើក គឺពាក់ព័ន្ធទៅនឹងភាពចាំបាច់ក្នុងការបន្តជ្រោងឲ្យកាន់តែខ្ពស់នូវ «ស្មារតីកែទម្រង់»។ រយៈពេល២០ឆ្នាំកន្លងមកនេះ កម្ពុជាបានធ្វើដំណើរឆ្លងកំណាត់ផ្លូវដ៏វែងឆ្ងាយ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ជាការពិតសមិទ្ធផលទាំងឡាយនៃការកែទម្រង់នេះ មិនមែនទទួលបានមកដោយងាយស្រួលនោះទេ»។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, កិច្ចការកែទម្រង់ដែលជោគជ័យត្រូវតែផ្អែកលើកត្តាសំខាន់បួន គឺ៖ ទី១៖ ត្រូវមានចក្ខុវិស័យច្បាស់លាស់, ទី២៖ ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, ទី៣៖ ត្រូវមានការចូលរួមដោយស្មោះត្រង់ និងទី៤៖ ត្រូវមានការលះបង់។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា មូលដ្ឋាននេះរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្ដជ្រោងកាន់តែខ្ពស់នូវ «ស្មារតីនៃការកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់ នូវអភិក្រមទាំង៥ ប្រការរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងាររបស់ខ្លួនដែលជាស្មារតីបុរេសកម្ម ភ្ញាក់រលឹក និងម៉ឺងម៉ាត់ ក្នុងការកែទម្រង់មុតស្រួច, ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពោលគឺ៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ ចំពោះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានដឹកនាំផ្ទាល់ និងជាប់លាប់ តាំងពីដើមទីលើការងារនេះ ប្រកបដោយភាពជាអ្នកដឹកនាំ និងវិជ្ជាជីវៈខ្ពស់។
សម្ដេចក៏សូមកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាគ្រប់ក្រសួង-ស្ថាប័ន ដែលបានចូលរួមអនុវត្តកម្មវិធី កែទម្រង់នេះប្រកបដោយភាពអត់ធ្មត់ និងភាពជាម្ចាស់។ សម្ដេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បណ្តាដៃគូអភិវឌ្ឍន៍ទាំងឡាយ ដែលតែងតែបានគាំទ្រ ទាំងជាជំនួយបច្ចេកទេស និងទាំងជាជំនួយហិរញ្ញវត្ថុ ជាបន្តបន្ទាប់តាំងពីដំណាក់កាលទី១ រហូតមកដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយនេះ៕