ធនាគាររដ្ឋវៀតណាម (SBV) បានប្រកាសជំហរជាថ្មីរបស់ខ្លួនលើអត្រាការប្រាក់សម្រាប់ឆ្នាំ២០២៤ ដោយបញ្ជាក់ថា នឹងមិនមានគោលនយោបាយដំឡើងអត្រាការប្រាក់ឡើយ និងមានលទ្ធភាពពង្រីកការអនុវត្តគោលនយោបាយដែលកំណត់ពេលផុតកំណត់បំណុលឡើងវិញ (Loan Rescheduling) ថែមទៀតផង ដើម្បីជំរុញកំណើនរបស់សហគ្រាសក្នុងស្រុក។ នេះជាការលើកឡើងរបស់អភិបាលរងនៃធនាគាររដ្ឋវៀតណាម SBV លោក Dao Minh Tu ដែលបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងសន្និសីទកាសែត និងចុះផ្សាយដោយ Vietnam Plus នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។
យោងតាមរបាយការណ៍គំរូម៉ាក្រូពិភពលោករបស់ Trading Economics និងការរំពឹងទុករបស់អ្នកវិភាគ អត្រាការប្រាក់នៅក្នុងប្រទេសវៀតណាមត្រូវបានគេរំពឹងថា ស្ថិតក្នុងរង្វង់ ៤,៥%នៅចុងត្រីមាសទីមួយនៃឆ្នាំ ២០២៤។
ទោះបីជាអត្រាការប្រាក់ឈានដល់កម្រិតទាបខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍នេះ ក៏ដោយ ធនាគារពាណិជ្ជអះអាងថា ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតប្រហែលជារឿងដែលមិនអាចធ្វើទៅរួចនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលរបស់វៀតណាម កំពុងជំរុញឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីកាត់បន្ថយការចំណាយ ដោយហេតុនេះបង្កើតកម្លាំងទប់សម្រាប់ពង្រឹងចរន្តសេដ្ឋកិច្ច។
កាលពីឆ្នាំមុន ធនាគារកណ្តាលវៀតណាម SBV បានអនុវត្តគោលនយោបាយចំនួន៤ ដើម្បីកាត់បន្ថយអត្រាការប្រាក់៖ រៀងពី ០,៥% ទៅ ២% ដែលបណ្តាលឱ្យមានការថយចុះគួរឱ្យកត់សម្គាល់ ២%នៃអត្រាប្រាក់បញ្ញើនិងអត្រាឱ្យខ្ចី បើធៀបនឹងការបិទរបាយការណ៍ចុងឆ្នាំ២០២២។ គិតត្រឹមចុងឆ្នាំ២០២៣ អត្រាការប្រាក់កម្ចីសម្រាប់វិស័យអាទិភាពនៅវៀតណាម បានធ្លាក់ចុះក្រោម ៤% នៃអត្រាប្រចាំឆ្នាំ ខណៈដែលអត្រាប្រាក់បញ្ញើជាមធ្យមបានទូទាត់នៅត្រឹម ៣,៥% ក្នុងមួយឆ្នាំ។ “អត្រាប្រាក់កម្ចីជាមធ្យម” សម្រាប់ប្រាក់កម្ចីថ្មី គឺនៅត្រឹមរង្វង់ ៦,៧% ។
ដោយឡែកអត្រាការប្រាក់កម្ចីនៅកម្ពុជា ជាពិសេសសម្រាប់កម្ចី រយៈពេលមានការប្រែប្រួលក្នុងពេលប៉ុន្មានខែថ្មីៗនេះ។ គិតត្រឹមខែតុលា ឆ្នាំ២០២៣ អត្រាប្រាក់កម្ចីជាប់លក្ខខណ្ឌ (Term Loan) ជាប្រាក់ដុល្លារអាមេរិក និងរូបិយប័ណ្ណផ្សេងទៀតមានការប្រែប្រួល ដោយអត្រាកម្ចីស្ថិតនៅទាបជាង ១០% ក្នុងខែកក្កដា ឆ្នាំ២០២៣ និងធ្លាក់ចុះក្រោម ១០ស្ថិតនៅទាបជាង ១០% ក្នុងខែសីហា ឆ្នាំ ២០២៣ និងកើនឡើងដល់ប្រហែល ១៥% នៅខែតុលា ២០២៣ យោងតាមបច្ចុប្បន្នភាពទិន្នន័យពី CBRE Cambodia កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤។ ផ្ទុយទៅវិញ អត្រាការប្រាក់កម្ចីផ្សេងទៀត (other loans) មានការផ្លាស់ប្តូរបន្តិចពី ៧% ក្នុងខែកក្កដា ឆ្នាំ ២០២៣ ទៅជាការកើនឡើងតិចតួចត្រឹម ៧,៥% ក្នុងខែសីហា និងតុលាឆ្នាំ ២០២៣។ អត្រាប្រាក់កម្ចីរបស់កម្ពុជា ហាក់ដូចជាខ្ពស់ខ្លាំង បើធៀបនឹងកម្រិតអត្រាប្រាក់កម្ចីជាមធ្យមរបស់វៀតណាមសម្រាប់កម្ចីថ្មីដែលមាន ៦,៧% ។
ទោះបីជាមានការប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដែលកំណត់ដោយអត្រាកំណើនឥណទាន ១៣,៥% ក្នុងឆ្នាំ ២០២៣ ពោលគឺជាអត្រាទាបជាងកម្រិតគោលដៅ ១៤% ទៅ ១៥%ពិតមែនក៏ដោយ ក៏លោក Dao Minh Tu បានគូសបញ្ជាក់ពីសមិទ្ធផលរបស់ធនាគារកណ្តាលវៀតណាម ដែលធ្វើបានល្អក្នុងការរក្សាទីផ្សាររូបិយវត្ថុឱ្យមានស្ថិរភាព និងការគ្រប់គ្រងអតិផរណារបស់វៀតណាមបានយ៉ាងល្អ។
ដោយគិតទុកជាមុនអំពីបញ្ហាប្រឈមសេដ្ឋកិច្ចដែលកំពុងបន្តនៅក្នុងឆ្នាំខាងមុខនេះ ធនាគារកណ្តាលវៀតណាម កំពុងពិចារណាបន្តរយៈពេលអនុវត្តសារាចរណ៍លេខ ០២ ដែលវិធានការហិរញ្ញវត្ថុដ៏មានភាពសក្តិសិទ្ធិមួយ ដើម្បីជួយសម្រួលដល់ការកំណត់ពេលវេលាឡើងវិញ និងការរក្សាបំណុល ដោយផ្តល់ជំនួយយ៉ាងសំខាន់ដល់សកម្មភាពអាជីវកម្មទូទាំងប្រទេសវៀតណាម នៅឆ្នាំ ២០២៤នេះ។ លើសពីនេះ ធនាគារកណ្តាលវៀតណាម បានកំណត់ទិសដៅកំណើនឥណទាន ១៥% សម្រាប់ប្រព័ន្ធធនាគារក្នុងស្រុក ដោយចាក់បញ្ចូលទឹកប្រាក់ប្រមាណ ០២ម៉ឺនសែនលានដុង (quadrillion VND) ស្មើនឹងប្រមាណ ៨១,៨ ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចជាតិ៕