ក្រុមហ៊ុនខ្នាតយក្ស Westports Holdings Bhd. ដែលជាប្រតិបត្តិករកំពង់ផែធំជាងគេរបស់ម៉ាឡេស៊ី កំពុងសម្លឹងរកដៃគូវិនិយោគយុទ្ធសាស្ត្រពីខាងក្រៅដើម្បីជួយផ្តល់មូលនិធិលើគម្រោងពង្រីកកំពង់ផែរបស់ខ្លួនដែលត្រូវការទុនជាទំហំទឹកប្រាក់ប្រមាណ ៣៩,៦ ពាន់លានរីងហ្គីត (៨,៣ ពាន់លានដុល្លារ)។ ផែនការនេះ ពាក់ព័ន្ធនឹងការបង្កើនសមត្ថភាពកំពង់ផែជិតពីរដងសម្រាប់ប្រើប្រាស់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខទៀត ដោយខ្លួនមានមហិច្ឆតាចង់ប្រែក្លាយជាទីតាំងនិងជាតួអង្គសំខាន់នៅក្នុងទិដ្ឋភាពកំពង់ផែអាស៊ីអាគ្នេយ៍ដែលកំពុងចាប់ផ្តើមមានការប្រកួតប្រជែងខ្លាំងនេះតែម្តង យោងតាមកាសែត Bloomberg ចុះថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។
ប្រធានប្រតិបត្តិក្រុមហ៊ុនលោក Ruben Emir Gnanalingam បានចេតនាបើកចំហចំពោះការវិនិយោគពីភាគីបណ្តាក់ទុនពីខាងក្រៅដោយនិយាយថា “យើង បើកចំហចំពោះវិនិយោគិនណា ដែលអាចចូលមកបន្ថែមតម្លៃដល់យើងបាន” ។ គំនិតផ្តួចផ្តើមពង្រីកកំពង់ផែបន្ថែមថ្មី ដែលគ្រោងនឹងដាក់ឱ្យដំណើរការដល់ឆ្នាំ ២០៨២ រំពឹងថា នឹងបង្កើនសមត្ថភាពពី ១៤ លាន TEU (ម្ភៃហ្វីតកុងទីន័រ) ទៅ ២៧ លានTEU បើគិតជាម៉ែត្រគុប កំពង់ផែននេះនឹងត្រូវពង្រីកសមត្ថភាពផ្ទុកពីប្រមាណពី ៨៥.៤០០k ម៉ែត្រគូប ទៅ ១៦៤.៧០០k ម៉ែត្រគូប។
នៅក្នុងបទសម្ភាសន៍មួយនៅឯស្ថានីយពស្តុភារ Klang របស់ម៉ាឡេស៊ី លោកនាយក Ruben បានលើកឡើងពីមធ្យោបាយហិរញ្ញប្បទានដ៏មានសក្តានុពល រួមទាំងផែនការវិនិយោគឡើងវិញបូករួមទាំងភាគលាភ និងការខ្ចីប្រាក់។ ស្ថានីយកុងតឺន័រដំបូងក្នុងចំណោមស្ថានីយកុងតឺន័រថ្មីចំនួនប្រាំបី គ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧។
ការពង្រីកស្ថានីយពស្តុភារដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីនិន្នាការអភិវឌ្ឍថ្មីក្នុងតំបន់ទាំងមូល ត្បិតថាមិនមែនតែម៉ាឡេស៊ីម្នាក់ឯងទេដែលកំពុងសំឡឹងឃើញសក្តានុពលថ្មីនេះ ប្រទេសអាស៊ានដទៃទៀតក៏មើលឃើញដូចគ្នាដែរ។ ជាក់ស្តែង សិង្ហបុរីបានចាប់ផ្តើមសាងសង់ស្ថានីយស្វ័យពស្តុភារដំណើរការស្វ័យប្រវត្តិដ៏ធំបំផុតរបស់ពិភពលោកមានទីតាំងស្ថិតនៅ កំពង់ផែ Tuas ចំណែកឯប្រទេសថៃក៏ទើបនឹងបានស្នើគម្រោងស្ពានអាកាសភ្ជាប់សមុទ្រ ‘Landbridge’ ដើម្បីដោះស្រាយការកកស្ទះនៃចរាចរណ៍ទំនិញផ្លូវទឹក នៅតាមច្រកសមុទ្រម៉ាឡាកា។
និយាយអំពីឱកាសក្រសោបបានតួនាទីជាទីតាំងសម្របសម្រួលចរន្តទំនិញពិភពលោក តាមរយៈការប្រកួតប្រជែងជាមួយកំពង់ផែផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ លោកនាយក Ruben បានសង្កត់ធ្ងន់លើវិធីសាស្រ្តមធ្យ័តបំផុតចំពោះការវិនិយោគ ដោយផ្តោតលើការបង្កើតប្រាក់ចំណូលសមរម្យជាអាទិភាព ជាជាងការប្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធដោយមិនគិតពីលក្ខខណ្ឌវិនិយោគ។
អ្វីដែលរឹតតែពិសេសសម្រាប់គម្រោងរបស់ម៉ាឡេស៊ីនេះ គឺកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន ក្នុងការដាក់បញ្ចូលការវាយតម្លៃឡើងវិញនៃការប្រើប្រាស់យានជំនិះអគ្គិសនី ដោយគិតគូរអំពីដានកាបូននៃការប្រើប្រាស់សម្ភារៈទាំងអស់នៅកំពង់ផែ ដែលការណ៍នេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះកំណើនចំណូលហិរញ្ញវត្ថុប៉ុន្តែប្រកបដោយការទទួលខុសត្រូវផ្នែកបរិស្ថាននិងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យឧស្សាហកម្មដឹកជញ្ជូនដែនសមុទ្រ៕