ទីក្រុងប៉េកាំង បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ដកទណ្ឌកម្មខុសច្បាប់ និងបញ្ចប់ការតាមយាយីទៅលើពលរដ្ឋចិន ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក។ នេះគឺជាការក្រើនរំលឹកមួយស្ដីពីបញ្ហាប្រឈមខាងការទូតមួយចំនួន ដែលនៅតែមានរវាងប្រទេសទាំងពីរ បើទោះជាទំនាក់ទំនងទ្វេភាគីបានចាប់ផ្តើមមានភាពកក់ក្ដៅនឹងគ្នាឡើងវិញយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អេនថូនី ប្ល៊ីនខិន (Antony Blinken) បានជួបប្រជុំគ្នានៅក្នុងសន្និសីទសន្តិសុខទីក្រុងមូនិក (Munich) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលជាកិច្ចចរចាចុងក្រោយបង្អស់រវាងមន្ត្រីចិន និងអាម៉េរិកទាំងពីរនេះចាប់តាំងពីមេដឹកនាំកំពូលនៃប្រទេសទាំង២បានជួបគ្នាកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ បានរាយការណ៍ថា នៅក្នុងជំនួបកាលពីសប្ដាហ៍មុននោះលោក វ៉ាង បានជំរុញឱ្យសហរដ្ឋអាម៉េរិក ដកទណ្ឌកម្មឯកតោភាគីខុសច្បាប់របស់អាម៉េរិកទៅលើជនជាតិចិន និងអាជីវកម្មរបស់ប្រទេសចិន។
អ្នកការទូតកំពូលរបស់ចិនក៏បានអំពាវនាវដល់រដ្ឋបាលលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិកឱ្យបញ្ឈប់តាមយាយី និងសួរចម្លើយដោយគ្មានហេតុផលលើពលរដ្ឋចិន ដែលធ្វើដំណើរទៅសហរដ្ឋអាម៉េរិក។ សំណើនេះបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីនិស្សិតចិនមួយចំនួនត្រូវបានបដិសេធមិនឱ្យចូលក្នុងទឹកដីសហរដ្ឋអាម៉េរិកដោយសារបញ្ហាទិដ្ឋាការ។
ចំណែកឯសហរដ្ឋអាម៉េរិកវិញ លោក ប្ល៊ីនខិន បានលើកឡើងពីកង្វល់មួយចំនួនពាក់ព័ន្ធនឹងការគាំទ្ររបស់ចិនចំពោះសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន រួមទាំងការគាំទ្រចំពោះមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីផងដែរ។ រដ្ឋបាលរបស់លោក បៃដិន កំពុងដឹកនាំការផ្តល់មូលនិធិនៅក្រៅប្រទេស ដើម្បីការពារប្រទេសអ៊ុយក្រែនពីការឈ្លានពានរបស់រុស្ស៊ី បើទោះជាកញ្ចប់ជំនួយបន្ថែមនេះកំពុងជាប់គាំងនៅក្នុងសភាក៏ដោយ។
ភាពតានតឹងរវាងចិន និងអាម៉េរិក បានចាប់ផ្តើមធូរស្រាលខ្លះៗបន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានជួបប្រជុំគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ នៅអាម៉េរិក ដែលនាំទៅដល់ការស្តារឡើងវិញនូវទំនាក់ទំនងយោធា និងយោធាកម្រិតខ្ពស់ និងការចាប់ផ្ដើមដំណើរការក្រុមការងារ ដើម្បីទប់ស្កាត់រំហូរនៃគ្រឿងញៀនហ្វេនតានីលទៅកាន់សហរដ្ឋអាម៉េរិក។
ប្រទេសទាំង២ក៏បានសន្យាថានឹងបង្កើនទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីររួមទាំងផែន ការមួយដែលលោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានស្នើឡើងដើម្បីអញ្ជើញយុវជនអាម៉េរិក ចំនួន៥ម៉ឺននាក់ឱ្យទៅទស្សនកិច្ចនៅចិន ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនិងការសិក្សាជាមួយគ្នា៕