Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាលថៃ នៅតែទទូចឱ្យធនាគារកណ្តាលទម្លាក់អត្រាការប្រាក់ដើម្បីជួយស្តារសេដ្ឋកិច្ច

Media LNN | Mar 05, 2024
រដ្ឋាភិបាលថៃ នៅតែទទូចឱ្យធនាគារកណ្តាលទម្លាក់អត្រាការប្រាក់ដើម្បីជួយស្តារសេដ្ឋកិច្ច
Clinic narith

(បាងកក)៖ ធនាគារកណ្តាលរបស់ប្រទេសថៃបានប្រឈមមុខនឹងការអំពាវនាវជាថ្មីពីសំណាក់រដ្ឋាភិបាលឱ្យចាប់ផ្តើមបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ដោយជំនួយការកំពូលរបស់នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន អះអាងថា សេដ្ឋកិច្ចថៃត្រូវការអត្រាការប្រាក់ទាបជាងនេះដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg លោក Prommin Lertsuridej អគ្គលេខាធិការនាយករដ្ឋមន្ត្រីថៃបាននិយាយកាលពីថ្ងៃចន្ទថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនៃធនាគារថៃមានលំហរមួយចំនួនក្នុងការកាត់បន្ថយអត្រាគោលដើម្បីផ្តល់ «ការសង្គ្រោះភ្លាមៗ» ដល់ប្រជាជន ដោយសារវិធានការគាំទ្រផ្នែកថវិកានៅមិនទាន់អនុវត្តនៅឡើយដែលយ៉ាងហោចណាស់រយៈពេលមួយខែទៀត។

លោក Prommin បានអះអាងថា អត្រាទាបអាចជួយដោះស្រាយបំណុលគ្រួសារ និងជំរុញតម្លៃនាំចេញ ប្រសិនបើប្រាក់បាតធ្លាក់ចុះដែលជាលទ្ធផលនៃការទម្លាក់អត្រាការប្រាក់នេះ។ លោកបានបន្ថែមថា សេដ្ឋកិច្ចចាំបាច់ត្រូវសង្គ្រោះពី «ស្ថានភាពធ្ងន់ធ្ងរ» ដែលបណ្តាលមកពីការកើនឡើងកម្រិតបំណុល និងការប្រើប្រាស់សមត្ថភាពនៅមានកម្រិតទាប។ នោះជាហេតុផលមួយដែលនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានលើកឡើងដើម្បីអំពាវនាវសុំឱ្យទម្លាក់អត្រាការប្រាក់ជាបន្ទាន់។

លោក សេដ្ឋា ធ្លាប់បានលើកឡើងពីអតិផរណាអវិជ្ជមានរយៈពេលជាច្រើនខែថាជាភស្តុតាងនៃការធ្លាក់ចុះតម្រូវការអ្នកប្រើប្រាស់ ដែលជាចុងក្រោយនាំឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។

លោក សេដ្ឋា និងទេសាភិបាលធនាគារកណ្តាលថៃលោក Sethaput Suthiwartnareuput បានប៉ះទង្គិចគ្នាអស់ជាច្រើនខែអំពីវិធីសាស្រ្តក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ដែលធ្វើឱ្យអ្នកវិនិយោគមានភាពរង្គោះរង្គើ និងធ្វើឱ្យប្រាក់បាតថៃដំណើរការមិនល្អ។

ទេសាភិបាលធនាគារកណ្តាលថៃបានឱ្យដឹងនៅក្នុងបទសម្ភាសមួយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ការទម្លាក់អត្រាការប្រាក់នឹងមិនជួយជំរុញសេដ្ឋកិច្ចបានច្រើនទេ។ លោក Sethaput Suthiwartnaruput បានថ្លែងថា អត្រាការប្រាក់ទាបក៏អាចមិនល្អសម្រាប់បំណុលគ្រួសារដែរ ហើយចាំបាច់ត្រូវមានតុល្យភាពរវាងកំណើននិងស្ថិរភាព។លោក Sethaput បានមានប្រសាសន៍ថា៖ «ទស្សនៈខុសគ្នាគឺជារឿងធម្មតា ហើយយើងកំពុងធ្វើការដើម្បីរកតុល្យភាព»។

ធនាគារកណ្តាលថៃបានរក្សាអត្រាការប្រាក់ថេរនៅក្នុងអត្រា ២,៥ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕