(ភ្នំពេញ)៖ សមាគមស្វាយចន្ទីកម្ពុជា បានអំពាវនាវដល់កសិករ ដែលកំពុងប្រមូលគ្រាប់ស្វាយចន្ទី ឱ្យហាលគ្រាប់ទុកសិន រង់ចាំលក់ពេលតម្លៃប្រសើរឡើងនៅខែកក្កដា ឬកញ្ញាខាងមុខ ដោយសារតម្លៃគ្រាប់ស្វាយចន្ទីនៅដើមរដូវនេះ បានធ្លាក់ចុះយ៉ាងគំហុក ស្របពេលដែលទិន្នផលបានឆ្នាំនេះថយចុះ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ថា តម្លៃគ្រាប់ស្វាយចន្ទី នាបច្ចុប្បន្ននេះ បានធ្លាក់ពី ១០%ទៅ ១៥% ខណៈទិន្នផលវិញ សមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍ថានឹងថយចុះចន្លោះពី ១០% ទៅ ៣០% បើធៀបនឹងឆ្នាំ ២០២៣។
លោកបានឱ្យដឹងបន្តថា «ខណៈទិន្នផលកំពុងធ្លាក់ចុះ តម្លៃគ្រាប់ស្វាយចន្ទីឆៅ បែរជាធ្លាក់ចុះយ៉ាងគំហុក ដែលមិនសមទាល់តែសោះ។ តាមពិតតម្លៃចន្លោះពី ៤០០០ ទៅ៥០០០រៀលនេះ ក៏ជាតម្លៃដែលអាចនឹងទទួលយកបាន ប៉ុន្តែអ្វីដែលកសិករទទួលយកមិនបាននោះ ដោយសារតែទិន្នផលធ្លាក់ចុះខ្លាំងមែនទែន ដោយសារបាតុភូតអ៊ែលនីណូ ហើយតម្លៃនោះក៏ធ្លាក់ចុះទៀត បើប្រៀបធៀបនឹងឆ្នាំ២០២៣កន្លងទៅ គឺធ្លាក់រហូតដល់១០% អីចឹងហើយបានជាកសិករមានការព្រួយបារម្ភ មកដល់ពេលនេះ គឺទិន្នផលធ្លាក់ចុះហើយ ហើយតម្លៃធ្លាក់ចុះទៀត ហេតុនេះពួកគាត់មិនអាចចំណេញបានទេ នេះជាបញ្ហាដែលកសិករកំពុងជួបប្រទះ មកដល់ពេលបច្ចុប្បន្ននេះ។ សមាគមស្វាយចន្ទីកម្ពុជា បាននឹងកំពុងណែនាំ សមាជិករបស់ខ្លួនឱ្យហាលគ្រាប់ទុករង់ចាំតម្លៃប្រសើរឡើងនៅខែកក្កដា ឬកញ្ញា។ អ្នកមានលទ្ធភាពគួរហាលទុក កុំឲ្យឈ្មួញបរទេសបានចិត្ត និងកុំលក់ប្រជែងជាមួយកសិករតូចតាច»។
លោក អួន ស៊ីឡុត បានឱ្យផងដែរថា បាតុភូតអែលនីណូ បានបង្កផលប៉ះពាល់យ៉ាងខ្លាំង លើផលិតកម្មស្វាយចន្ទីក្នុងប្រទេសកម្ពុជា។ ដោយសារការអូសបន្លាយកម្តៅជាង ៤០អង្សាសេ ធ្វើឱ្យគាំងផ្កាមិនចេញក្តឹប និងផ្កាក្រៀមខូចជាបណ្តើរៗ។ ការធ្លាក់ទិន្នផលស្វាយចន្ទីនៅកម្ពុជា អាចបង្កើនតម្លៃគ្រាប់កែច្នៃលើទីផ្សារអន្តរជាតិនាឆ្នាំ២០២៤នេះ។
លោក ណុក ប៊ុនថន កសិករដាំស្វាយចន្ទីប្រមាណ ៥ហិកតា នៅខេត្តកំពង់ធំ បានប្រាប់ថា បច្ចុប្បន្ននេះលោកបានប្រមូលផលគ្រាប់ស្វាយចន្ទីបាន ១០%ហើយ ដោយប្រមូលបានប្រមាណ ១០០គីឡូក្រាម។ លោកថា បើធៀបនឹងកាលពីឆ្នាំមុនទិន្នផលនេះ បានធ្លាក់ចុះប្រមាណពី ១៥%ទៅ៣០% ដោយសារអាកាសធាតុក្តៅ។
លោកបានបន្ថែមថា គ្រាប់ស្វាយចន្ទីដែលប្រមូលបាននេះ គឺលោកបានលក់ចេញទៅឱ្យឈ្មួញ ក្នុងតម្លៃប្រមាណជាង ៤០០០រៀលក្នុងមួយគីឡូក្រាម ថយចុះជាងឆ្នាំមុន ដោយកាលពីឆ្នាំមុន ក្នុងពេលប្រមូលដើមរដូវអាចលក់បានរហូតជាង ៥០០០រៀលក្នុងមួយគីឡូក្រាម។
លោកថា ការធ្លាក់ចុះទិន្នផល និងតម្លៃនេះនឹងធ្វើឱ្យកសិកររងការខាតបង់ ខណៈពួកគាត់ត្រូវចំណាយទៅជី ថ្នាំកសិកម្ម និងការថែទាំជាដើម។
ទោះយ៉ាងនេះក្តីទិន្នន័យនាំចេញគ្រាប់ស្វាយចន្ទី របស់សមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ក្នុងខែមករា ២០២៤ កម្ពុជាបាននាំគ្រាប់ចន្ទីឆៅទៅវៀតណាមកើនឡើង៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
លោកអួន ស៊ីឡុត បានបញ្ជាក់ថា ការកើនឡើងការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមនេះ មិនមែនជាគ្រាប់ចន្ទីប្រមូលផលបានក្នុងឆ្នាំ២០២៤នោះទេ។ ការនាំចេញកើនឡើងនេះ គឺគ្រាប់នៅសល់នាចុងខែធ្នូ ឆ្នាំ២០២៣។
ដើម្បីរក្សាតម្លៃស្វាយចន្ទីឱ្យមានស្ថេរភាព សមាគមស្វាយចន្ទីកម្ពុជា បានបញ្ចុះបញ្ចូលសមាជិករបស់ខ្លួន និងកសិករដទៃឱ្យបន្ថយ និងរក្សារចម្ការត្រឹម ៥០ម៉ឺនហិកតា សម្រាប់តែផ្គត់ផ្គង់ការកែច្នៃក្នុងស្រុក ដោយបច្ចុប្បន្ននេះ កម្ពុជាមាន រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរធុនមធ្យមចំនួន៧ ដែលសមត្ថភាពផលិតកែច្នៃគ្រាប់ឆៅចន្លោះពី ៧០០០តោន ទៅ ១៥០០០តោន។ យ៉ាងនេះក្តីកម្ពុជា អាចត្រូវការ ៣០រោងចក្របន្ថែមទៀត។
បច្ចុប្បន្នកម្ពុជាមានសិប្បកម្មកែច្នៃតូចៗ លក្ខណៈគ្រួសារចំនួន ៣៥ ដែលគួរតែលើកទឹកនឹងជម្រុញឱ្យក្លាយ ជារោងចក្រធុនមធ្យម។
សមាគមស្វាយចន្ទីកម្ពុជា នឹងធ្វើទស្សនកិច្ចផ្លូវការ នៅអាហ្វ្រិកខាងលិច នាពាក់កណ្តាលខែមីនានេះ ដើម្បីចូលរួមជាមួយបណ្តាប្រទេសផលិតគ្រាប់ចន្ទីឆៅ។ សម្ព័ន្ធភាពអ្នកដាំចន្ទីអាហ្វ្រិក នៅទីក្រុងអាក្រា ប្រទេសហ្កាណា បានស្វាគមន៍ចំពោះទស្សនកិច្ចនេះ និងរីករាយចំពោះសហប្រតិបត្តិការ លើជំនួញស្វាយចន្ទី។ ប្រធានបទមួយចំនួននឹងត្រូវលើកឡើង ក្នុងជំនួបក្រៅផ្លូវការ ស្តីពីការប្រែប្រួលអាកាសធាតុ និងការថយចុះផលិតកម្មស្វាយចន្ទី៕