(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ពីថ្ងៃទី ២-៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយថ្នាក់ដឹកនាំ ៦រូប ក្នុងនោះមានឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រី សិង្ហបុរី ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ឯកឧត្ដម Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ និងឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។
ក្នុងជំនួបនៅថ្ងៃទី៤ ខែមីនា សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ប្រធានាធិបតីហ្វីលីពីន បានសម្តែងការពេញចិត្តដែលភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំលើកទី៤នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនៅប្រទេសហ្វីលីពីន ក្នុងឆមាសទី២ ឆ្នាំ២០២៤ ដើម្បីពិភាក្សា រិះរកមធ្យោបាយជំរុញសន្ទុះកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗទៀត។
ក្នុងវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនពាណិជ្ជកម្ម ទ្វេភាគី ពិសេសការទិញ-លក់អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត ព្រមទាំងលើកទឹកចិត្ត ឱ្យស្ថាប័ន រដ្ឋ និងផ្នែកឯកជនសហការគ្នាជំរុញលំហូរទេសចរ រួមទាំងតាមរយៈការបង្កើតជើងហោះហើរត្រង់ តភ្ជាប់តំបន់ទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរឯកឧត្តមប្រធានាធិបតី ហ្វីលីពីន បានបញ្ជាក់ថានឹងជំរុញឱ្យបានឆាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាង ការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ដែលនឹងជួយជំរុញដល់ការផ្លាស់ប្តូរផ្នែកធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលយកដោយរីករាយនូវការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីនក្នុងពេលសមស្រប។
ជំនួបរវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមីនា។ ថ្នាក់ដឹកនាំទាំងពីរ បានលើកពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ីនៅឆ្នាំ២០២៤ ដែលជាឱកាសប្រសើរសម្រាប់រៀបចំ កិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី៥។ ភាគីទាំងពីរ បានឯកភាព គ្នាលើកទឹកចិត្តស្ថាប័នពាក់ព័ន្ធអនុវត្តឱ្យមានប្រសិទ្ធភាពនូវអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម និងជំរុញឱ្យបានឆាប់នូវការចុះហត្ថលេខាលើអនុស្សរណៈស្តីពីការពង្រីកពាណិជ្ជកម្ម អង្គរ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី បានឯកភាពជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី អំពី សារៈសំខាន់នៃការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងអាកាស ដើម្បីបង្កើនពាណិជ្ជកម្ម និង វិនិយោគ ព្រមទាំងលំហូរទេសចររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានឯកភាពលើកទឹកចិត្តឱ្យ ស្ថាប័នជំនាញ និងផ្នែកឯកជន សិក្សាពីលទ្ធភាពតភ្ជាប់តំបន់ទេសចរណ៍នៃប្រទេសទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ឱ្យសហគ្រាស និងក្រុមហ៊ុនឥណ្ឌូណេស៊ី ពិនិត្យលទ្ធភាព វិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ។
ជំនួបរវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី នៅរសៀលថ្ងៃ ដដែល បានគ្របដណ្តប់លើវិស័យជាច្រើន រួមទាំងវិស័យសេដ្ឋកិច្ច និងអប់រំ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញគម្រោងសហប្រតិបត្តិការទ្វេភាគីផ្នែកថាមពលកកើតឡើងវិញ និងយល់ស្របគ្នា ផងដែរថាជាការសំខាន់ក្នុងការជំរុញការតភ្ជាប់បណ្ដាញថាមពលអគ្គិសនីអាស៊ាន ដើម្បីលើកកម្ពស់ សន្តិសុខថាមពលក្នុងតំបន់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏ បានលើកពីការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ពិសេសការលើកទឹកចិត្តវិស័យឯកជនឱ្យបង្កើតកញ្ចប់ទេសចរណ៍រួមសំដៅជំរុញវិស័យទេសចរណ៍ឱ្យងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។ ដើម្បីជួយបង្កើនសមត្ថភាពជំនាញនៃកម្លាំងពលកម្មកម្ពុជា ឯកឧត្តមនាយករដ្ឋមន្ត្រី Lee Hsien Loong បានថ្លែងថា សិង្ហបុរីត្រៀមចែករំលែកបទពិសោធន៍ដល់កម្ពុជា ក្នុងការលើក កម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលយក ដោយរីករាយចំពោះការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី ក្នុងត្រីមាសទី៣ឆ្នាំ២០២៤។
ក្នុងជំនួបជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយ តម្លៃខ្ពស់ចំពោះការរួមចំណែករបស់អូស្ត្រាលីដល់ដំណើរការសន្តិភាពនៅកម្ពុជា និងការគាំទ្រដល់ការស្តារ និងអភិវឌ្ឍន៍កម្ពុជាលើវិស័យជាច្រើន ដូចជាកសិកម្ម អប់រំ សកម្មភាពមីន។ល។ និងស្វាគមន៍ ការប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចអូស្ត្រាលីសម្រាប់អាស៊ីអាគ្នេយ៍ឆ្ពោះទៅឆ្នាំ២០៤០។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរធ្វើការជាមួយគ្នាកាន់តែសកម្ម ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ លើកទឹកចិត្តឱ្យសាកលវិទ្យាល័យនៃប្រទេស ទាំងពីរសហការគ្នាលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកកសិកម្ម និងវិទ្យាសាស្ត្រ ព្រមទាំងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការងារ។
ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើទំនាក់ទំនងគ្រប់វិស័យជាមួយ តំបន់អាស៊ីអាគ្នេយ៍និយាយជារួម និងជាមួយកម្ពុជា និយាយដោយឡែក ហើយបានយល់ស្របថា មានវិស័យជាច្រើនដែលកម្ពុជា និងអូស្ត្រាលីអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន ជាអាទិ៍ អូស្ត្រាលីមានបទពិសោធន៍ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និងជំនាញផ្នែកវិទ្យាសាស្ត្រ រីឯកម្ពុជាមានកាលានុវត្តភាពវិស័យទេសចរណ៍។
ថ្នាក់ដឹកនាំទាំងពីរបានអបអរសាទរចំពោះការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដោយរដ្ឋមន្ត្រីការបរទេសនៃ ប្រទេសទាំងពីរ នៅថ្ងៃទី៥ ខែមីនា នេះដែរ ដែលនឹងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បាន ទទួលយកដោយភាពរីករាយនូវការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងពេលវេលាសមស្រប។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃ ខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ។ ឯកឧត្ដម Christopher Luxon បានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជ្រាលជ្រៅចំពោះជំនួយដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ពិសេសការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងការបោសសម្អាតមីន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យមានទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតពីប្រទេសនូវែលសេឡង់លើ វិស័យដែលមានសក្តានុពល រួមទាំងវិស័យ កសិកម្ម និងកសិឧស្សាហកម្ម។
ដោយឡែកនៅព្រឹកថ្ងៃទី៦ ខែមីនា សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានឆ្លៀតពេលជួប ពិភាក្សាជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ផងដែរដើម្បីបន្តកិច្ចពិភាក្សាអំពីការខិតខំបន្ត លើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និង វៀតណាម។
នាយករដ្ឋមន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ដ៏ ញឹកញាប់រវាងប្រទេសទាំងពីរដែលបាន ធ្វើឱ្យទំនាក់ទំនងកាន់តែមានភាពស្អិតរមួតក្នុងក្របខ័ណ្ឌរដ្ឋ ក៏ដូចជាក្របខ័ណ្ឌបក្ស និងបានផ្លាស់ប្តូរយោបល់គ្នាអំពីការត្រៀមរៀបចំទទួលទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានរដ្ឋវៀតណាមនៅកម្ពុជា និងទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា នៅវៀតណាម ក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៤។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជម្រាបសមភាគីវៀតណាមអំពីការរៀបចំកិច្ចប្រជុំកំពូលត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ- វៀតណាម នៅចុងឆ្នាំនេះនៅកម្ពុជា និងបានរំលឹកអំពីការឯកភាពឱ្យមានកិច្ចប្រជុំទៀងទាត់ជារៀង រាល់ឆ្នាំរវាងស្ថាប័នទទួលបន្ទុកកិច្ចការបរទេស សន្តិសុខ និងការពារជាតិ។ ក្នុងគោលដៅជំរុញសន្ទុះ ទំនាក់ទំនងសេដ្ឋកិច្ច សម្តេចធិបតីនាយករដ្ឋមន្ត្រី បានឯកភាពជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី វៀតណាម អំពីការចាំបាច់ត្រូវលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធបន្តខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណា សម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ ប៊ីលានដុល្លារអាមេរិក ក្នុងអនាគតដ៏ខ្លីខាងមុខ។
ពាក់ព័ន្ធនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាឱ្យស្ថាប័នជំនាញ កំណត់ឱ្យបានឆាប់នូវចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ និងបន្តខិតខំ សម្រេចការកសាងផ្លូវល្បឿនលឿនផ្សេងទៀត ដើម្បីបង្កើនប្រសិទ្ធភាព និងភាពងាយស្រួលសម្រាប់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។ ចំពោះការតភ្ជាប់វិស័យទេសចរណ៍ ភាគីទាំងពីរ បានឯកភាព ជំរុញការអនុវត្តគំនិតផ្ដួចផ្ដើមប្រទេសបីគោលដៅតែមួយដែលជារូបមន្តកិច្ចសហប្រតិបត្តិការវិស័យ ទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម។
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំកំពូលទាំង៦រូបខាងលើ អំពីការបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនផងដែរ រួមទាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធពត៌មានវិទ្យា ដែលទាមទារកិច្ចសហប្រតិបត្តិការ ពហុភាគី។ ក្រៅពីជំនួបខាងលើសម្តេចធិបតីនាយករដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុនជាច្រើនដែល មានការចាប់អារម្មណ៍ចំពោះកាលានុវត្តភាពសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា៕