Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា វត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយជំរុញកំណើណ

Media LNN | Mar 12, 2024
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា វត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយជំរុញកំណើណ
Clinic narith

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាជឿជាក់ថា វត្តមានរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយជំរុញកំណើនការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចនៅតំបន់ជុំវិញនោះ ក៏ដូចជាធ្វើឱ្យវិស័យដឹកជញ្ជូន និងទេសចរណ៍របស់កម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ លើសពីនេះ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ក៏ស្ថិតក្នុងយុទ្ធសាស្ត្រមួយ ដើម្បីជំរុញការអភិវឌ្ឍន៍នៅតំបន់ភាគនិរតីនៃកម្ពុជាផងដែរ។

គួរបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោដំណាក់កាលទី១ គ្រោងបើកឱ្យដំណើរការនៅអំឡុងឆមាសទី១២០២៥ខាងមុខ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានជាង៦០%ហើយ។

នាពិធីជួបសំណេះសំណាល់ និងត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា វត្តមានរបស់ព្រលានយន្តហោះអន្តរជាតិតេជោ មិនត្រឹមតែជានិមិត្តរូបនៃការរីកចម្រើនរបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែនៅពេលព្រលានយន្តហោះនេះដាក់ឱ្យដំណើរការ វានឹងផ្ដល់ប្រយោជន៍ជាច្រើនចាក់ចូលទៅក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ការងារដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ កំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង់ពន្ធផ្សេងៗ និងជាពិសេសជួយគាំទ្រដល់វិស័យទេសចរណ៍ និងដឹកជញ្ជូនតែម្តង។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងខិតខំជំរុញឱ្យមានការភ្ជាប់ជើងហោះហើរត្រង់ជាមួយបណ្តារប្រទេសផ្សេងៗ ដើម្បីពង្រីកការហោះហើរតាមផ្លូវអាកាសឱ្យកាន់តែទូលាយថែមទៀតផងដែរ។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ទីតាំងអភិវឌ្ឍន៍ព្រលានយន្តហោះនេះ គឺជាទីតាំងអំណោយផលមួយ ដោយនៅជិតៗទីតាំងនេះ តាមផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល មានទាំងផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ និងគម្រោងព្រែកជីកហ្វូណនតេជោ តភ្ជាប់ផ្លូវនាវាពីទន្លេទៅសមុទ្រជាដើម។

ដូច្នេះហើយការព្រលានយន្តហោះថ្មីនេះ គឺប្រៀបបានជាកន្លែងមួយ ដែលប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវវអាកាស ដែលមានសក្ដានុពលសម្រាប់យុទ្ធសាស្ត្រឆ្ពោះទៅរកការអភិវឌ្ឍន៍ទិសនិរតីនៃកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១នេះ គ្រោងនឹងបើកឱ្យដំណើរការនៅអំឡុងឆមាសទី១ឆ្នាំ២០២៥ ខាងមុខនេះ ខណៈគិតត្រឹមចុងខែកុម្ភៈឆ្នាំ២០២៤ គម្រោងនេះសម្រេចបានការសាងសង់ប្រមាណជាង៦៦% និងបានចំណាយទុនវិនិយោគអស់ប្រមាណ៩៦០លានដុល្លារ នៃគម្រោងទុនវិនិយោគសរុប១ពាន់៥រយលានដុល្លារ។

បន្ថែមពីនេះ ដើម្បីឱ្យគម្រោងអភិវឌ្ឍអាកាសយានដ្ឋានធំបំផុតនៃស្តង់ដាអន្តរជាតិរបស់កម្ពុជាមួយនេះ បញ្ចប់បានពេញលេញតាមផែនការមេ និងដំណាក់កាលកសាងដែលបានគ្រោងទុក ឯកឧត្តម ក៏បានស្នើសុំដល់បណ្តាវិនិយោគិនទាំងអស់ ជាពិសេសធនាគារពាណិជ្ជ បន្តគាំទ្រការផ្តល់ហិរញ្ញប្បទានបន្ថែមទៀត តាមរយៈការទិញសញ្ញាប័ណ្ណនៅពេលមានតម្រូវការបោះផ្សាយសញ្ញាបណ្ណនៅពេលខាងមុខ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ១ពាន់៥រយលានដុល្លារនេះ សាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឱ្យប្រភេទយន្តហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕