(សៀមរាប)៖ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់ ចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា អ្នកទេសចរបានចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នៅថ្ងៃទី១ គឺនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ១៦០ ម៉ឺននាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ១៥ ម៉ឺនាក់ ហើយក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥.០០០ នាក់ និងទេសចរបរទេស ប្រមាណ ១១.២៧២ នាក់។
ថ្ងៃទី២ គឺនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ទេសចរសរុបប្រមាណជិត ១០ ម៉ឺននាក់ ក្នុងនោះទេសចរជាតិ ប្រមាណ ២៨៥.០០០ នាក់ ដោយមានបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបប្រមាណ ១៥៨.០០០ នាក់ និងទេសចរបរទេស ប្រមាណ ១១ ២៥៥ នាក់។
ចំណែកថ្ងៃទី៣ គឺនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៩៦ ២៤៣ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ៨៥.០០០ នាក់ ដោយមានបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៥៨.០០០ នាក់ និងទេសចរបរទេសប្រមាណ ១១.២៤៣ នាក់។
បើតាមមន្ទីរទេសចរណ៍រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់ រួមមានទេសចរជាតិប្រមាណ ៥២០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបប្រមាណ ២៨១.០០០ នាក់ និងទេសចរបរទេស ប្រមាណ ៣៣.៧៧០ នាក់។
សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤នេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» និងការប្រកាសបើកយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤»។ ពិព្រឹត្តិការណ៍នេះបានប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
គោលបំណង នៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ បុណ្យទន្លេមានតួនាទីយ៉ាសំខាន់ ដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសំបូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។
ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់យកខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលមានលក្ខណៈពហុវិស័យ ក្នុងចំណោមប៉ូលទាំង៥ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចទៅក្នុងសៀមរាប និងខេត្តដទៃទៀត ជាពិសេស វិស័យទេសចរណ៍ តាមរយៈការទាក់ទាញពីសក្តានុពលពីខេត្តសៀមរាប តភ្ជាប់ទៅកាន់សក្តានុពល និងគោលដៅទេសចរណ៍សំខាន់ៗដទៃទូទាំងប្រទេសដែលតម្រូវឱ្យដាក់ចេញនូវវិធានការណ៍ពិសេស និងគន្លឹះក្នុងការទាក់ទាញក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា ដោយកម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និងត្រូវបានប្រកាស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងវេទិការដ្ឋាភិបាល-ឯកជន លើកទី១៩ នៅវិមានសន្តិភាព ដោយមានវិធានការចំនួន ៨ ក្នុងការស្តារវិស័យទេសចរណ៍ខេត្តសៀមរាបរួមមាន ១. ការរៀបចំឡើងវិញក្រុមប្រឹក្សាទេសចរណ៍ ២. ការរៀបចំ និងដាក់ចេញផែនការសកម្មភាពជាក់លាក់ «ទស្សនាសៀមរាប ឆ្នាំ២០២៤1» ៣. រៀបចំបដិសណ្ឋារកិច្ចតាមច្រកព្រំដែន ៤. ការពង្រីកវិសាលភាពបណ្ណព្រំដែន ៥. ការផ្ដល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ៦. ការលើកទឹកចិត្តផ្នែកពន្ធដារ ៧. លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ ៨.ការតភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ល្បីមកសៀមរាប៕