(ភ្នំពេញ)៖ ក្នុងឱកាសចូលឆ្នាំថ្មីរយៈពេល៤ថ្ងៃ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋទៅទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ១លាន ៣សែននាក់។
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋទៅទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ ១លាន ៣សែននាក់ ដោយគិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសានេះ។
លោក ម៉េត មាសភក្ដី បន្ថែមថា សម្រាប់ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមលេងកម្សាន្តចូលឆ្នាំខ្មែរប្រពៃណីជាតិនៅសង្ក្រាន្តវត្តភ្នំជាង ២៣ម៉ឺននាក់។ នៅថ្ងៃចូលឆ្នាំទី២ ប្រមាណ២៥ម៉ឺននាក់ ថ្ងៃចូលឆ្នាំទី៣ ប្រមាណ ៣០ម៉ឺននាក់ និងថ្ងៃចូលឆ្នាំទី៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយ គឺចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកើនឡើងរហូតដល់ចំនួនប្រមាណ ៥២ម៉ឺននាក់។ បើសរុបទាំង៤ថ្ងៃនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ ១លាន ៣សែននាក់។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា ចំពោះការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ គឺបានដំណើរការទៅដោយរលូន ពុំមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយសារកម្លាំងមានសមត្ថកិច្ចបានល្បាតនៅគ្រប់ទីកន្លែង និងការពារបានយ៉ាងល្អ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង៕