សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឲ្យកងទ័ពត្រូវត្រៀមលក្ខណៈជានិច្ចក្នុងការបំពេញភារកិច្ចនានា តាមបទបញ្ជារបស់រាជរដ្ឋាភិបាល នៅគ្រប់កាលៈទេសៈយកចិត្តទុកដាក់ត្រៀមកម្លាំងមធ្យោបាយ សម្ភារៈគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំង សហការឱ្យបានស្អិតរមួតជាមួយនឹងអាជ្ញាធរដែនដី និងក្រសួង ស្ថាប័នពាក់ព័ន្ធ។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៤។
ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំឲ្យយោធិនទាំងអស់ត្រូវមានមនសិការខ្ពស់ក្នុងការថែរក្សាថែទាំ ប្រើប្រាស់គ្រឿងបំពាក់ដែលកំពុងមាន ស្រាប់ ចាប់ពីបុគ្គលម្នាក់ៗឡើងទៅ រហូតដល់ជាក្រុម ជាកង ជាកងឯកភាព ដោយចាត់ទុក គ្រឿងបំពាក់ ចាស់-ថ្មីទាំងអស់ជាទ្រព្យសម្បត្តិជាតិ ជាញើសឈាមរបស់ប្រជាជនយើង ដែលយោធិនគ្រប់រូបមាន ភារកិច្ច មិនគ្រាន់តែប្រើប្រាស់សម្រាប់ការពារជាតិប៉ុណ្ណោះទេ ហើយថែមទាំងទទួលខុសត្រូវបំផុត ចំពោះការថែទាំ ការថែរក្សា និងប្រើប្រាស់វា ទៀតផង។
សម្តេចធិបតី បានណែនាំឲ្យយកចិត្តទុកដាក់គ្រប់គ្រង ការងារធានាផ្គត់ផ្គង់បើក ចែក តាមគោលរបបកំណត់ ធានាគ្រប់ ទាន់ពេលវេលា ធានាបានគុណភាពដល់យោធិនគ្រប់រូប គួបផ្សំ នឹងការខិតខំកែឆ្នៃជីវភាពរស់នៅ សុខុមាលភាពយោធិន ដោយការបង្កបង្កើនផលបន្ថែម លើកកម្ពស់ ជីវភាពរស់នៅរបស់យោធិន និងក្រុមគ្រួសារឲ្យបានល្អប្រសើរ។ ត្រូវយកចិត្តទុកដាក់លើការងារសម្ព័ន្ធមេត្រីភាព រវាងកងទ័ព ជាមួយស្ថាប័នស៊ីវិល និងឯកជន ដោយ តាមដាន គ្រប់គ្រង ត្រួតពិនិត្យការប្រើប្រាស់ជំនួយឧបត្ថម្ភរបស់ដៃគូ ឲ្យចំគោលដៅ៕