(ព្រះសីហនុ)៖ ព្រះសីហនុ ជាខេត្ដមួយដែលមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយសារខេត្ដនេះជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្ដមួយដែលមានតំបន់ទេសចរណ៍ អាចទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនផងដែរ។ ហើយឆាប់ៗនេះខេត្តព្រះសីហនុនឹងមានរោងចក្រតម្លៃជាង៣លាន$ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ ផងដែរ។
ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីម្សិលមិញនេះឯកឧត្តម គួច ចំរើន ដែលជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានឯកភាពលេីសំណេីស្នេីសុំវិនិយោគរបស់ក្រុមហ៊ុន ខូប៊ឺ ភែកឃីជីង (ខេមបូឌា) ដោយឱ្យក្រុមហ៊ុននេះសាងសង់រោងចក្រកន្លែងផលិតនៅទីតាំងស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា បន្ទាប់ពីបានឯកភាពលេីសំណេីស្នេីសុំវិនិយោគនេះ និងសម្រេចចុះបញ្ជីវិនិយោគជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុរដ្ឋបាលខេត្តក៏ឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងលេខាធិការដ្ឋានអនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវរៀបចំសេចក្តីសម្រេចបង្កេីតរោងចក្រជូនដល់ក្រុមហ៊ុន ឱ្យបានឆាប់រហ័សផងដែរ៕