(មណ្ឌលគិរី)៖ មនុស្សប្រុសស្រីចំនួន៤នាក់ ជនជាតិព្នង បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងពីរនាក់ ទៀតបានរងរបួស ដោយសារការផ្ទុះគ្រាប់បេ៤១ សំណល់ពីសង្គ្រាម នៅចំណុចភ្នំអន្ទង់ ក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ជនរងគ្រោះដែលរួចជីវិត ឈ្មោះ តែក ខ្លូន បានរៀបរាប់ឱ្យដឹងថា នៅថ្ងៃទី២០ ខែមេសា នេះ ខ្លួន និងគ្រួសារ បានទៅរើសជ័រពីចំណុចត្រពាំងតុង រហូតដល់ចំណុចភ្នំអន្ទង់ ក៏បាននាំគ្នាសម្រាកក្រោមដើមឈើ ស្រាប់តែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយនៅគល់ឈើ បន្ទាប់មកខ្លួនបានដឹកដៃកូនស្រីដើរចេញពីទីនោះប្រហែលបាន៦-៧ម៉ែត្រ ក៏បានលឺឈ្មោះ ដា សា (កូន) បានសួរទៅ ឈ្មោះ ធើប ក្លេវ (ឱពុកក្មេក) ថា នេះជាអ្វី? ឈ្មោះ ធើប ក្លេវ ក៏បានប្រាប់ថា “នេះជារបស់ចាស់ពីបុរាណមក” សួររួចស្រាប់តែគ្រាប់ក៏បានផ្ទុះបណ្ដាលឱ្យអ្នកទាំង៤នាក់នោះបាត់បង់ជីវិត ចំណែករូបខ្លួន និងកូនស្រី បានរងរបួស និងព្យា យាមដើរត្រលប់ទៅភូមិវិញដើម្បីឱ្យគេជួយអន្តរាគមន៍។
ជនរងគ្រោះដែលស្លាប់ ទី១ ឈ្មោះ ជើម ក្លឹប ភេទប្រុស អាយុ ៥៨ឆ្នាំ ទី២ ឈ្មោះ ក្លេវ ដា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ទី៣ ឈ្មោះ ដា ហាត់ ភេទស្រី អាយុ ១៣ និងទី៤ ឈ្មោះ ដា សា ភេទប្រុស អាយុ ១០ឆ្នាំ ។ ចំណែកអ្នករងរបួសទី១ ឈ្មោះ តែក ខ្លូង ភេទស្រី អាយុ ៣៦ ឆ្នាំ និងទី២ ឈ្មោះ ដា វាសនា ភេទស្រី អាយុ ៦ឆ្នាំ ។ ជនរងគ្រោះទាំងអស់ ជាជនជាតិដើមភាគតិចព្នង និងជាក្រុមគ្រួសារ មានឪពុក ប្ដី និងកូន របស់ស្ដ្រីរងគ្រោះដែលរួចផុតជីវិតក្រោយកើតហេតុ កម្លាំងស្នងការនគរបាលខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងអធិការក្រុង សែនមនោរម្យ ចុះទៅកន្លែងកើតហេតុ បានឃើញសពជន មនុស្សប្រុសស្រីទាំង០៤នាក់ ស្លាប់យ៉ាង អាណោចអាធ័ម និងពិនិត្យអំបែងគ្រាប់ បានសន្និដ្ឋានថា គ្រាប់ដែលផ្ទុះ គឺគ្រាប់បេស៤១ ។
ចំពោះសាកសពទាំង៤ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋធ្វើការបញ្ចុះនៅទីតាំងម្ដុំកើតហេតុ នោះតែម្ដង ដោយសារជនជាតិដើមភាគតិចព្នងមានជំនឿថា ប្រសិនបើនាំយកសាកសពទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងភូមិ គឺនាំគ្រោះភ័យចូលភូមិ ៕