Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង-ស្ថាប័ន ដែលមិនទាន់ចូលរួម អនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រ

Media LNN | May 07, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង-ស្ថាប័ន ដែលមិនទាន់ចូលរួម អនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រ
Clinic narith

 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ បានណែនាំដល់ក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធ ហើយដែលមិនទាន់ចូលរួម អនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឲ្យបានឆាប់។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។ ពិធីប្រកាសនេះ បានរៀបចំធ្វើឡើង នាសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធ ហើយដែលមិនទាន់ចូលរួម អនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឲ្យបានឆាប់ ចំពោះក្រសួង-ស្ថាប័ន ដែលបានចូលរួមរួចហើយ ក៏ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារ ឲ្យបានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន មានក្រសួង-ស្ថាប័នចំនួន១៦ បានចូលរួមអនុវត្តប្រព័ន្ធនេះ ខណៈដែលនៅសល់ជាងពាក់កណ្ដាលទៀត ដែលមិនទាន់បានចូលរួម ដូច្នេះធ្វើយ៉ាងម្ដេច ជំរុញកិច្ចការងារនេះ ឲ្យបានលឿន ដើម្បីចូលរួម អនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អាណត្ដិនេះ រាជរដ្ឋាភិបាល ដាក់អភិក្រមពង្រឹង ជាងជាពង្រីក, ពង្រឹងសមត្ថភាព ក្នុងការផ្ដល់សេវាសាធារណៈ និងពង្រឹងសមត្ថភាព ក្នុងការប្រកួតប្រជែង។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់គណៈកម្មាធិការ ដឹកនាំគម្រោងបញ្ជរតែមួយជាតិ ត្រូវតាមដាន និងវាយតម្លៃការអនុវត្ត ព្រមទាំងបន្តកែលម្អ និងពង្រីកមុខងារប្រព័ន្ធ ក៏ដូចជាពង្រីកការតភ្ជាប់ ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ដើម្បីបន្តឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ធុរជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ ឲ្យបានជាអតិបរមាពីប្រព័ន្ធបញ្ហារតែមួយជាតិនេះ និង ចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែលម្អឲ្យកាន់តែប្រសើរ។

សូមជម្រាបថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធិផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។

«ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងអនុញ្ញាតឲ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំ ចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក៕