Alynana Media Cambodia
Icon Collap
clinic narit

អាជ្ញាធររឹបអូសសាច់បង្កកខូចគុណភាពហូរចូលតាមច្រករបៀងបានជាង១៤៦តោន យកមកកម្ទេចនៅ៤ខែឆ្នាំនេះ

Media LNN | May 09, 2024
អាជ្ញាធររឹបអូសសាច់បង្កកខូចគុណភាពហូរចូលតាមច្រករបៀងបានជាង១៤៦តោន យកមកកម្ទេចនៅ៤ខែឆ្នាំនេះ
Clinic narith

ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)បានអះអាងថា មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប បង្ក្រាប និងរឹបអូសសាច់បង្កកខូចគុណភាពបានចំនួនជាង១៤៦តោនយកមកកម្ទេចចោលនៅក្នុងរយៈពេលមួយ៤ខែដើមឆ្នាំ២០២៤ នេះ។ សាច់បង្កកទាំងនេះត្រូវបាននាំចូលតាមច្រករបៀងពីប្រទេសជិតខាង ក្រោមរូបភាពដឹកបង្កប់តាមមធ្យោបាយតូចៗជញ្ជូនតូចៗ ដែលធ្វើឱ្យអាជ្ញាធរមានការពិបាកក្នុងការត្រួតពិនិត្យ។ ការចុះត្រួតពិនិត្យ និងបង្ក្រាបជាបន្តបន្ទាប់ពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាននេះ មិនត្រឹមតែបានរួមចំណែកជួយការ

សាច់បង្កកខូចគុណភាព ផ្ទុកសារធាតុហាមឃាត់ និងមេរោគ នៅតែបន្តហូរចូលមកកាន់ទីផ្សារកម្ពុជា បើទោះបីអាជ្ញាធរមានសមត្ថកិច្ចខិតខំចុះត្រួតពិនិត្យ និងបង្រាបការនាំចូលសាច់ប្រភេទនេះយ៉ាងសស្រាក់សស្រាំយ៉ាងណាក៏ដោយ។ ជាក់ស្តែងបើតាមការអះអាងរបស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤នេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងស្តុក និងមធ្យោបាយដឹកជញ្ជូនសាច់ និងបំណែកសត្វបង្កកបានចំនួន១៨ ករណី ដោយបានរឹបអូសមកកម្ទេចចោលនូវសាច់បង្កក និងបំណែកសត្វបង្កក ខូចគុណភាព គ្មានអនាម័យ និងគ្មានលិខិតបញ្ជាក់អំពីគុណភាពបានចំនួនជាង១៤៦តោន។

សាច់ និងបំណែងសត្វបង្កកទាំងនេះត្រូវបាននាំចូលតាមច្រករបៀងនៃព្រំដែន ហើយដឹកជញ្ជូនក្នុងរូបភាពដឹកបង្កប់តាមមធ្យោបាយតូចៗ គេចវេសការត្រួតពិនិត្យ យកមកចែកចាយតាមបណ្តាទីផ្សារ ដែលធ្វើឱ្យមានការលំបាកដល់មន្រ្តីជំនាញក្នុងការត្រួតពិនិត្យ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន ដែលបានប្តេជ្ញាថា អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តសកម្មភាពរិតបន្តឹងការត្រួតពិនិត្យ ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងករណីចាំបាច់ផងដែរ។

បើតាមថ្នាក់ដឹកនាំរូបនេះ ការហូរចូលសាច់ ឬបំណែកសត្វបង្កកក្នុងរូបភាពបែបនេះ គឺបានបង្កផលប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងអាជីវកម្មសាច់ និងអាចប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ផងដែរ ប្រសិនបើការនាំចូលទាំងនោះពុំមានការត្រួតពិនិត្យ ដោយសមត្ថកិច្ចជំនាញនោះទេ។

សូមជម្រាបថា ការបន្តហូរចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់ពីក្រៅប្រទេស ជាពិសេសប្រទេសក្បែរខាងចូលមកទីផ្សារកម្ពុជាមិនត្រឹមតែគំរាមកំហែងដល់សុខភាពរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលអវិជ្ជមានដល់វិស័យចិញ្ចឹមសត្វនៅក្នុងស្រុកផងដែរ។ គួររំលឹកថា នៅពេញមួយឆ្នាំ២០២៣ កន្លងទៅមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រឹបអូសសាច់បង្កកចម្រុះខូចគុណភាព មានផ្ទុកសារធាតុគីមីហាមឃាត់ និងមេរោគចម្លងបានជិត២ពាន់តោន មានការកើនឡើង៤% បើធៀបនឹងឆ្នាំ២០២២៕