Alynana Media Cambodia
Icon Collap
clinic narit

មូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមានថា ការបែកបាក់រវាងមហាយក្សចិន និងលោកខាងលិច កំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក

Media LNN | May 10, 2024
មូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមានថា ការបែកបាក់រវាងមហាយក្សចិន និងលោកខាងលិច កំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក
Clinic narith

Alt Title: សេដ្ឋកិច្ចពិភពលោកមន្ត្រីថ្នាក់កំពូលមួយរូបនៃស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញការសោកស្ដាយចំពោះការដាំក្បាលចុះ នៃសេដ្ឋកិច្ចពិភពលោក ដោយសារទំនាក់ទំនងប្រេះឆាប្រកបដោយភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំមកនេះ រវាងមហាយក្សចិន និងប្រទេសលោកខាងលិច ហើយបានព្រមានថា ភាពតានតឹងនៃសេដ្ឋកិច្ចពិភពលោកនឹងកើនមានឡើងកាន់តែធ្ងន់ធ្ងរ ប្រសិនបើអរិភាព ឬការយកគ្នាធ្វើជាខ្មាំងសត្រូវ បែបនេះនៅតែបន្តកើតមាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។

លោកស្រី ហ្គីតា ហ្គោពីណាត (Gita Gopinath) អនុប្រធានទី១ នៃស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា ដោយសារបច្ចុប្បន្នពិភពលោកត្រូវបានបែងចែកជាប្លុកធំៗចំនួន៣ រួមមាន ប្លុកគាំទ្រសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចទី១ របស់ពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងយោធា ប្លុកគាំទ្រមហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក និងប្លុកប្រទេសមិនចូលបក្សសម្ព័ន្ធ វាបានធ្វើឱ្យពិភពលោកងាកចេញពីការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងឃ្លាតកាន់តែឆ្ងាយពីវិធានការសកល ដែលតម្រូវឱ្យពិភពលោករួបរួមសាមគ្គីគ្នាជាធ្លុងមួយ។

លោកស្រី ហ្គីតា ហ្គោពីណាត អនុប្រធានទី១ នៃស្ថាប័នIMF ដែលជារឿយៗបានដឹកនាំការធ្វើសវនកម្មប្រចាំឆ្នាំលើប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន បានលើកឡើងបែបនេះអំឡុងលោកស្រីឡើងថ្លែងសុន្ទរកថា នៅសកលវិទ្យាល័យ Stanford សហរដ្ឋអាម៉េរិក កាលពីថ្ងៃអង្គារ ទី៧ ខែឧសភាកន្លងទៅថ្មីៗនេះ។

ការលើកឡើងបែបនេះរបស់លោកស្រីធ្វើឡើង ស្របពេលដែលភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយបន្តកើនឡើងលើបញ្ហាប្រឈមមួយចំនួន ជាពិសេសការប្រជែងគ្នាកាន់តែខ្លាំងក្លារវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ព្រមទាំងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។

លោកស្រីបានគូសបញ្ជាក់ថា ទោះជាការបែកបាក់ផ្នែកសេដ្ឋកិច្ចបច្ចុប្បន្នមិនធ្ងន់ធ្ងរដូចក្នុងសម័យសង្គ្រាមត្រជាក់យ៉ាងណាក្ដី ក៏ទំហំនៃការខាតបង់ គឺធំធេងជាងឆ្ងាយណាស់ដោយសារតែកំណើននៃការពឹងផ្អែកលើពាណិជ្ជកម្មពិភពលោក។

ស្របពេលដែលការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងជាទូទៅរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន កាន់តែអាក្រក់ទៅៗ ការនាំចូលរបស់ចិនទៅកាន់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះ៨% ចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣ រីឯការនាំចេញរបស់សហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសចិន បានធ្លាក់ចុះប្រមាណ៤%អំឡុងពេលដូចគ្នានេះដែរ។ លោកស្រីបានបន្ថែមទៀតថា ពាណិជ្ជកម្មរវាងប្លុកប្រទេសដែលគាំទ្រសហរដ្ឋអាម៉េរិក និងប្លុកប្រទេសដែលគាំទ្រមហាយក្សចិន ក៏រងផលប៉ះពាល់ជាអវិជ្ជមានផងដែរ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចពិភពលោក ក៏សង្កេតឃើញនិន្នាការស្រដៀងគ្នានេះដែរ បន្ទាប់ពីរុស្ស៊ី បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយធ្វើឱ្យពាណិជ្ជកម្ម និងការវិនិយោគរវាងប្លុកប្រទេសទាំងនេះធ្លាក់ចុះខ្លាំងដូចគ្នា។

លោកស្រី ហ្គីតា ហ្គោពីណាត (Gita Gopinath) អនុប្រធានទី១ របស់IMF រូបនេះ បានស្នើឱ្យប្រទេសមហាអំណាចទាំងពីរចាប់ផ្ដើមកិច្ចសន្ទនាប្រកបដោយផ្លែផ្កា និងជៀសវាងស្ថានការណ៍អាក្រក់បំផុត ដែលជាលទ្ធផលនឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់បណ្ដាប្រទេសដែលមានចំណូលទាប៕