(ភ្នំពេញ)៖ រយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង៨ពាន់លានដុល្លារ កើនឡើង១៥.២% ខណៈការនាំចូលមានជាង ៨.៦ពាន់លានដុល្លារ កើនឡើង៩.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។
ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។
បើតាមការបញ្ជាក់ របស់លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម, ការនាំចេញរបស់កម្ពុជា នៅតែមានកំណើនល្អ ហើយការបញ្ជាទិញនៅតែមាន បើទោះបីជាមានការកាត់បន្ថយតិចតួច ដោយសារតែកម្ពុជា ផលិតប្រភេទទំនិញចាំបាច់ ដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ កសិផល អង្ករ ដែលធ្វើឲ្យប្រទេសនាំចូល នៅតែបន្តនាំចូល៕