Alynana Media Cambodia
Icon Collap
clinic narit

ចិន ជំរុញទំនាក់ទំនងមានស្ថិរភាពជាមួយកូរ៉េខាងត្បូង ទោះមានឧបសគ្គក៏ដោយ

Media LNN | May 14, 2024
ចិន ជំរុញទំនាក់ទំនងមានស្ថិរភាពជាមួយកូរ៉េខាងត្បូង ទោះមានឧបសគ្គក៏ដោយ
Clinic narith

 

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថាចិន និងកូរ៉េខាងត្បូងគួរតែរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាព បើទោះជាប្រទេសទាំង២កំពុងខ្វែងគំនិតគ្នា លើបញ្ហាមួយចំនួនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងសេអ៊ូល បានស្គាល់ភាពតានតឹងជាថ្មី នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានលើកឡើងកាលពីឆ្នាំមុនថា កោះតៃវ៉ាន់ដែលចិនចាត់ទុកថាត្រឹមតែជាខេត្តមួយរបស់ខ្លួន គឺជាបញ្ហារបស់អន្តរជាតិ មិនគ្រាន់តែជាបញ្ហារវាងចិន និងតៃវ៉ាន់ប៉ុណ្ណោះទេ។

នៅក្នុងជំនួបមានរយៈពេលជាង ៤ម៉ោង កាលពីថ្ងៃចន្ទ ទី១៣ ខែឧសភា ក្នុងទីក្រុងប៉េកាំង លោក វ៉ាង យី ប្រាប់សមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោក Cho Tae-yul ថា ទំនាក់ទំនងចិន និងកូរ៉េខាងត្បូងបានជួបប្រទះបញ្ហាប្រឈម និងឧបសគ្គជាច្រើន ដែលមិនមែនជាផលប្រយោជន៍សម្រាប់ប្រទេសទាំង២ឡើយ ហើយក៏មិនមែនជាអ្វីដែលចិន ចង់ឃើញនោះដែរ។ បើតាមលោក វ៉ាង ចិនសង្ឃឹមថាកូរ៉េខាងត្បូងនឹងគោរពតាមគោលការណ៍ចិនតែមួយ និងមានការប្រុងប្រយ័ត្នចំពោះបញ្ហាតៃវ៉ាន់ ក៏ដូចជាងាកទៅពង្រឹង មូលដ្ឋាននយោបាយនៃទំនាក់ទំនងទ្វេភាគី។ ជាការឆ្លើយតប លោក Cho Tae-yul បានសង្កត់ធ្ងន់ថាចិន និងកូរ៉េខាងត្បូងចាំបាច់រក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការ និងការគ្រប់ គ្រងទំនាក់ទំនងប្រកបដោយការយកចិត្តទុកដាក់។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង​ លោក Cho Tae-yul បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូង របស់លោកទៅកាន់ប្រទេសចិន ចាប់តាំងពីឡើងកាន់តំណែងកាលពីខែមករា ឆ្នាំ២០២៤មក ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងម្នាក់ ក្នុងរយៈពេលជាង ៦ឆ្នាំផងដែរ៕