(ពោធិ៍សាត់)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយបសុពេទ្យ ក្រោមការសម្របសម្រួលពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ បាននាំយកផលិតផលសាច់បង្កក ហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ចំនួន៤មុខ បរិមាណជិត៦០០គីឡូក្រាម ដែលបានចុះត្រួតពិនិត្យ និងបង្រ្កាបបាន នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ទៅដុតបំផ្លាញចោល។
ការបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីលានដីស្រែមួយកន្លែង ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការចូលរួម ពីលោកវរសេនីយ៍ឯក ភុំ ផៃឌឿម ស្នងការរងនគរបាលខេត្ត ទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងមន្ត្រីជំនាញពាក់ព័ន្ទមួយចំនួនទៀត។
លោក ផាត់ សារុន បានឲ្យដឹងថា សាច់បង្កកខាងលើនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការឃាត់បាន នាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ តាមរថយន្តតាក់ស៊ីមួយគ្រឿង ម៉ាកតូយ៉ូតាស៊ីណា ពាក់ស្លាកលេខ បាត់ដំបង 2C-5949 ទិសដៅពីបាត់ដំបង ឆ្ពោះទៅភ្នំពេញ ដោយពុំមានឯកសារបញ្ជាក់ច្បាស់លាស់។ លោកបានបន្តថា ក្រោយឃាត់បាន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រគល់កិច្ចការងារបន្ត ដល់មន្ត្រីជំនាញការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មដើម្បីចាត់ការតាមនីតិវិធី។
លោក ផាត់ សារុន បានបញ្ជាក់ថា សាច់បង្កកខូចគុណភាព ដែលត្រូវយកមកបំផ្លាញចោលនាពេលនេះ រួមមាន៖ ជើងជ្រូក, អណ្តាតជ្រូក, ពោះគោ និងជង្គុងជើងមាន់ សរុបប្រមាណ៥៥៦គីឡូក្រាម។
សូមរំលឹកថា សាច់បង្កកខុសច្បាប់ បាននិងកំពុងក្លាយជាភាពស្មុគស្មាញយ៉ាងខ្លាំង ចំពោះអ្នកពាក់ព័ន្ធ ព្រោះវាត្រូវបានជនមិនសុច្ចរិតប៉ុន្មាននាក់ លួចលាក់នាំចូលដោយគ្មានការត្រួតពិនិត្យ និងបានធ្វើឱ្យវិស័យចិញ្ចឹមសត្វក្នុងស្រុកដួលរលំជាបន្តបន្ទាប់ ហើយក៏ត្រូវបានគេគិត និងបារម្ភដែរថា វាកំពុងគំរាមកំហែងយ៉ាងខ្លាំង ចំពោះសុខភាពសាធារណៈ ពីព្រោះត្រូវបានគេជឿជាក់ថា សាច់បង្កកខុសច្បាប់ទាំងនោះ គឺជាសាច់ខូចគុណភាព ហួសកាលបរិច្ឆេទបរិភោគ ឬជាសាច់សត្វមានជំងឺ ដែលត្រូវគេកំទេចចោល ហេតុនេះពួកគេនាំយកមកលក់ថោកៗជាងថ្លៃដើម ផលិតយ៉ាងឆ្ងាយ៕