លោក ក្លូស ស្វេប (Klaus Schwab) ស្ថាបនិក នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលជាធនាគារខួរក្បាលផ្នែកសេដ្ឋកិច្ច នឹងលាលែងចេញពីតួនាទីប្រតិបត្តិរបស់ស្ថាប័ននេះ ខណៈអ្នកបន្តវេនពីលោកនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ វេទិកាសេដ្ឋកិច្ចពិភពលោកជាច្រកនៃការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឯករាជ្យមួយរបស់ពិភពលោក ដែលទទួលស្គាល់ដោយមេដឹកនាំនានានៅលើពិភពលោកដូចជាចិន រុស្ស៊ី សហរដ្ឋអាម៉េរិក រួមទាំងកម្ពុជាដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ CNBC។
ទោះបីមិនប្រកាសជាចំហរ ក៏វេទិកាសេដ្ឋកិច្ចពិភពលោកបានបញ្ជាក់កាលពីថ្ងៃអង្គារ ថា ស្ថាបនិករបស់ស្ថាប័នដែលជាធនាគារខួរក្បាលដ៏សំខាន់នេះ គឺលោក ក្លូស ស្វេប កំពុងចាកចេញពីការគ្រប់គ្រងការងារប្រចាំថ្ងៃរបស់ស្ថាប័ន បន្ទាប់ពីលោកបាននកាន់តំណែងកំពូលនេះអស់រយៈពេលជាង៥០ឆ្នាំមកនេះ។
វេទិកានេះបាននិយាយថា ព័ត៌មានដែលទទួលបានមួយនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តជាច្រើនឆ្នាំ ដើម្បីផ្លាស់ប្តូររចនាសម្ព័ន្ធគ្រប់គ្រងរបស់ស្ថាប័ន។ យ៉ាងណាមិញមកទល់ពេលនេះគេនៅមិនទាន់ដឹងនៅឡើយទេថា នរណានឹងមកបន្តតំណែងដឹកនាំស្ថាប័នធនាគារខួរក្បាលមួយនេះ បន្ទាប់ពីការចាកចេញរបស់បុរសជាអ្នកស្ថាបនិកវ័យ៨៦ឆ្នាំរូបនេះ។
អ្នកខ្លះបានដាក់ការសង្ស័យថា អ្នកអាចបន្តដឹកនាំកិច្ចការនេះបាន គឺអាចមានលោក ប៊ួក ប្រេន (Børge Brende) ដែលកំពុងដឹកនាំ និងកាន់កាប់ការងារជាប្រធានប្រតិបត្តិ ហើយខ្លះទៀតជឿថា អាចជាកូនរបស់លោក ស្វេប។ វេទិកាសេដ្ឋកិច្ចពិភពលោក ត្រូវបានគេដឹងថា ជាស្ថាប័នតភ្ជាប់រវាងស្ថាប័នសាធារណៈ និងឯកជនមួយ ដែលតែងតែបង្កើតនូវឱកាសជួបគ្នាមួយឆ្នាំម្តងនៅទីក្រុងដាវូស ប្រទេសស្វីស ដែលត្រូវបានគ្រប់គ្រង និងចាត់ចែកការងារដោយស្ថាបនិកផ្ទាល់។ តែយ៉ាងណាស្ថាប័ននេះ កំពុងរៀបចំយុទ្ធសាស្រ្តកែប្រែការដឹកនាំឲ្យមានការគ្រប់គ្រងដោយប្រធាន និងក្រុមប្រឹក្សាភិបាល។
តាមការបញ្ជាក់របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានឲ្យដឹងថា ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំរបស់ខ្លួននឹងបានបញ្ចប់មុនពេលការជួបជុំគ្នានៅទីក្រុងដាវូស នៅខែមករា ឆ្នាំ២០២៥ខាងមុខ ហើយអ្នកដឹកនាំស្ថាប័ននេះថ្មីត្រូវបានរំពឹងថា នឹងបង្ហាញមុខនៅវេទិកាប្រចាំឆ្នាំនេះតែម្តង។គ គួរបញ្ជាក់ថា លោក ស្វេប ដែលជាវិស្វករ និងសេដ្ឋវិទូជនជាតិអាល្លឺម៉ង់បានបង្កើតវេទិកានេះនៅក្នុងឆ្នាំ១៩៧១ និងបានដឹកនាំរហូតដល់បច្ចុប្បន្ន៕